ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យការសាងសង់អគារសម្ភពថ្មី នៅមណ្ឌល សុខភាពតក្កវិត និងជំរុញគ្រូពេទ្យត្រូវប្រចាំការ ២៤ម៉ោង
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសម្ភពថ្មី នៅមណ្ឌលសុខភាពតក្កវិត ដែលស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកស្រីវេជ្ជបណ្ឌិត ទូច ច័ន្ទដារ៉ា ប្រធានមណ្ឌលសុខភាពតក្កវិត បានឱ្យដឹងថាមណ្ឌលសុខភាពនេះមានផ្ទៃដីសរុបជិត ១ហិកតា និងមានបុគ្គលិកបម្រើការងារចំនួន ១១នាក់ (ស្រី ៥នាក់)។ លោកស្រីបានសម្តែងការដឹងគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត លើវិស័យសុខាភិបាល ជាពិសេសការសាងសង់អគារសម្ភពដាច់ដោយឡែកនេះ ដែលមានទំហំបណ្តោយ ២៥ម៉ែត្រ និងទទឹង ៧.៥០ម៉ែត្រ។ ការបំបែកអគារសម្ភពចេញពីបន្ទប់ពិនិត្យព្យាបាលជំងឺទូទៅ គឺដើម្បីធានាថាទារកដែលទើបនឹងកើតមានសុខភាពល្អ និងជៀសវាងការឆ្លងជំងឺផ្សេងៗ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដូចឋាងក្រោម៖
ធានាសេវា ២៤ម៉ោង៖លោកស្រីប្រធានមណ្ឌលសុខភាពត្រូវចាត់ចែងឱ្យមានគ្រូពេទ្យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីឆ្លើយតបនិងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លើកកម្ពស់សោភ័ណភាព និងបរិស្ថាន៖ត្រូវរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមណ្ឌលសុខភាព មានដូចជា ការរៀបចំសួនច្បារខាងមុខ បង្កើតបរិស្ថានបៃតងដោយការដាំដើមឈើ និងរៀបចំទីធ្លាឱ្យបានសមរម្យសម្រាប់អ្នកជំងឺ និងអ្នកកំដរ ដែលនេះជាផ្នែកមួយក្នុងការទាក់ទាញប្រជាពលរដ្ឋឱ្យមកទទួលសេវា។
ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ គ្រូពេទ្យទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាកត្តាសំខាន់បំផុតក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គុណភាពសំណង់៖ ណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវពន្លឿនការសាងសង់អគារសម្ភពនេះ ប៉ុន្តែត្រូវធានាឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីភាពរឹងមាំនិងប្រើប្រាស់បានយូរអង្វែង។
លើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនចំនួន ២នាក់ ដោយផ្ទាល់ ព្រម ទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ២០ម៉ឺនរៀល និងបានជូនពរឱ្យទាំងម្តាយនិងកូនមានសុខភាពល្អបរិបូរណ៍ផងដែរ។
សម្រួលអត្ថបទ: ម៉ារ៉ាឌី





