បើកការដ្ឋានសាងសង់ ស្ពានបេតុងប្រវែង៩០ម៉ែត្រ ឆ្លងកាត់ព្រែកតេ ក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី

ខេត្តក្រចេះ ៖ បើកការដ្ឋានលើកកម្រិតគុណភាពស្ពានបេតុងចំនួន ១ កន្លែង ដែលជាគម្រោងពហុឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោអធិបតីភាព ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

ស្ពានបេតុងស្ថាបនានេះមានប្រវែង ៩០ ម៉ែត្រ និងទទឹង ៩ ម៉ែត្រ សាងសង់ឆ្លងកាត់ព្រែកតេ តភ្ជាប់ពីភូមិជួរក្រូច ទៅភូមិស្រែដូង ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប្រភេទសំណង់លើកកម្រិតគុណភាពលក្ខណៈពហុឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងកំណើននៃការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

ទីតាំងស្ពាននេះ តភ្ជាប់ពីផ្លូវជាតិលេខ៧ តាមរយៈផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ៦.៨០ គីឡូម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទទៅកាន់ភាគខាងត្បូងនៃព្រែកតេ ក្នុងស្រុកចិត្របុរី ស្រុកឆ្លូង និងស្រុកស្នួល ។

ឯកឧត្តម ជី ស៊ីថា បានបញ្ជាក់ថា ការកសាងនិងលើកកម្រិតគុណភាពស្ពានបេតុងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ទំនាក់ទំនងរវាងមូលដ្ឋានទៅកាន់ទីផ្សារ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។

ការបើកការដ្ឋាននេះ បាននាំមកនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្បិតស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ និងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានបន្ថែមទៀត៕