ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ រួមគ្នាជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសវិនិយោគទ្វេភាគី ឱ្យកាន់តែប្រសើរ
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សន្និសីទជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់» ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លឿង ង្វៀន មិញទៀត លេខាបក្សខេត្តដាក់ឡាក់ និងឯកឧត្តម ង្វៀន ធៀនវ៉ាន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងតំណាងវិនិយោគិន អាជីវករនៃខេត្តទាំងពីរជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម កសិកម្មទំនើប និងវិស័យទេសចរណ៍ធម្មជាតិ ដែលកំពុងមានការអភិវឌ្ឍយ៉ាងរហ័ស។ ឯកឧត្តម បន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បានសហការគ្នាយ៉ាងល្អ ក្នុងការផ្សព្វផ្សាយពីបញ្ហាព្រំដែន ធុរកិច្ច និងការវិនិយោគដល់ប្រជាពលរដ្ឋ និងបានរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋខេត្តទាំងពីរ។ ឯកឧត្តម បញ្ជាក់ថា សន្និសីទនេះ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជន និងធុរជន នៃខេត្តទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីនីតិវិធីច្បាប់ និងស្វែងរកឱកាសចាប់ដៃគូរួមគ្នាបញ្ចេញទុនវិនិយោគលើគម្រោងនានា។
ឯកឧត្តម លឿង ង្វៀន មិញទៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស តំណាងគណៈប្រតិភូ និងវិនិយោគិនមកពីខេត្តដាក់ឡាក់ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងឱកាសវិនិយោគនៅខេត្តមណ្ឌលគិរី ដោយបានបង្ហាញពីគោលបំណងក្នុងការកសាងកិច្ចសហប្រតិបត្តិការលើការនាំចេញ-នាំចូលកសិផល ការចែករំលែកបច្ចេកវិទ្យាកសិកម្ម និងការជំរុញលំហូរភ្ញៀវទេសចរឆ្លងដែនរវាងខេត្តទាំងពីរឱ្យកាន់តែសកម្ម។
ជាលទ្ធផលនៃសន្និសីទនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តបង្កលក្ខណៈងាយស្រួល ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន សម្របសម្រួលផ្នែកគតិយុត្ត និងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីធានាថាវិនិយោគិននៃខេត្តទាំងពីរ អាចដំណើរការអាជីវកម្មទៅមុខដោយរលូន និងទទួលបានផលប្រយោជន៍រួមគ្នា ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕





