មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យកម្ពុជា-ជប៉ុនកំពតក្រុង
កំពត៖ មន្ទីរព័ត៌មានខេត្តកំពត បានអនុវត្តយុទ្ធនាការនិយាយថា«ទេចំពោះព័ត៌មានក្លែងក្លាយ»ជំហ៊ាន២ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដល់សិស្សានុស្ស និងយុវជន តាមរយៈការរៀបចំវេទិកាផ្សព្វផ្សាយ នៅបរិវេនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។
ការអនុវត្តយុទ្ធនាការនាពេលនេះ មានការអញ្ជើញចូលរួជាអធិបតីភាពពី ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត មន្ត្រីពាក់ព័ន្ធ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៧០០នាក់។
មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយអាចចែករំលែកទៅមនុស្សរាប់ពាន់នាក់ក្នុងរយៈពេលដ៏ខ្លី ដែលអាចបង្កផលប៉ះពាល់ដល់បុគ្គល ឬក្រុមណាមួយ និងសង្គមជាតិទាំងមូល ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ឯកឧត្តមបានបន្តថា បញ្ហានេះបានធ្វើឱ្យយុវជនមួយចំនួន មិនបានពិចារណាចូលទៅចែករំលែកបញ្ចេញមតិយោបល់ ឬជេរប្រមាថ ដែលទង្វើខ្លះអាចប្រឈមនឹងផ្លូវច្បាប់។
ឯកឧត្តមបានណែនាំដល់សិស្សានុសិស្ស និងយុវជន ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុនជឿឬចែករំលែក តាមដានតែប្រភពព័ត៌មានណាដែលអាចទុកចិត្តបាន និងសូមអនុវត្តរូបមន្ត«៣កុំ»គឺ កុំទាន់ជឿ កុំទាន់ចែករំលែក និងកុំបង្កើតព័ត៌មានមិនពិត។
សូមជម្រាបថា យុទ្ធនាការនិយាយថា«ទេចំពោះព័ត៌មានក្លែងក្លាយជំហ៊ាន២» បានប្រកាសឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះកំពុងអនុវត្តនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន រួមទាំងខេត្តកំពតផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





