ទីបំផុតមេដឹកនាំអ៊ុយក្រែនបានជួបពិភាក្សាផ្ទាល់ជាមួយនឹងលោក Trump ហើយ នៅក្នុងកិច្ចប្រជុំ G7 បន្ទាប់ពីសហរដ្ឋអាម៉េរិក ប្រកាសបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ជាង៣ខែកន្លះ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានមកដល់ទីតាំងនៃកិច្ចប្រជុំកំពូលប្រទេស G7 ហើយ ដែលធ្វើនៅប្រទេសបារាំងនាថ្ងៃអង្គារនេះ។ លោក Zelenskyy បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតី Emmanuel Macron បន្ទាប់ពីការមកដល់របស់លោក គឺជាភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវជាច្រើននៅក្នុងកិច្ចប្រជុំកំពូល G7 ដែលកំពុងប្រារព្ធឡើងនៅក្នុងទីក្រុង Evian-les-Bains របស់ប្រទេសបារាំង។ មេដឹកនាំនៃក្រុមប្រទេសធំៗទាំង៧បាននឹងកំពុងពិភាក្សាផងដែរអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមជាមួយនឹងកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ខណៈពេលដែលមេដឹកនាំទាំងអស់បានជួបគ្នាសម្រាប់ពេញ១ថ្ងៃដំបូងនៅឯកិច្ចប្រជុំកំពូល G7 នៃប្រទេសឧស្សាហកម្មឈានមុខគេ។ បន្តមកក្រោមកិច្ចសម្របសម្រួលរបស់ប្រធានាធិបតីបារាំង Emmanuel Marcon បានស្ថិតនៅកៅអីកណ្តាលជាមួយរវាងលោក Trump និង លោក Zelenskyy ដែរ ដោយលោកប្រធានាធិបតី Trump បាននិយាយថា លោកនឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីម្តងទៀតលើបញ្ហានៅអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយលោក Macron ពីទីក្រុងរមណីយដ្ឋានមាត់បឹងដ៏អស្ចារ្យនេះ។ កិច្ចចរចាអ៊ុយក្រែនកើតឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្តីអំពីកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរយៈពេល៣ខែកន្លះប្រឆាំងនឹងអ៊ីរ៉ង់។ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជម្លោះអ៊ីរ៉ង់បានគ្របដណ្ដប់លើស្ថានភាពនៃសង្គ្រាមនៅអ៊ុយក្រែនដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានបង្កឡើងកាលពីជាង៤ឆ្នាំមុន និង ថ្មីនេះមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល G7 រុស្ស៊ីក៏បានប្រើយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ទៅលើទីក្រុងធំៗរបស់អ៊ុយក្រែនសម្លាប់មនុស្ស ១១នាក់ និងដុតបំផ្លាញទីសក្ការៈសាសនាមួយកន្លែងផងដែរ។ មេដឹកនាំទាំងអស់ត្រូវបានគេរំពឹងថានឹងពិភាក្សាសំខាន់លើ វិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាម និងការបិទច្រកសមុទ្រ Hormuz។ អេហ្ស៊ីប កាតា និងអារ៉ាប់រួមនឹងចូលរួមក្នុងកិច្ចពិភាក្សានោះ។ សូមបញ្ជាក់ថាក្រុមប្រទេស G7 រួមមានប្រទេសបារាំង សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស។ ប្រទេសជាភ្ញៀវនៅក្នុងកិច្ចប្រជុំកំពូលនេះរួមមានប្រេស៊ីល អេហ្ស៊ីប ឥណ្ឌា កេនយ៉ា កូរ៉េខាងត្បូង កាតា អ៊ុយក្រែន និងអេមីរ៉ាត់អារ៉ាប់រួម៕

សម្រួលអត្ថបទ៖ សុផារិន្ទ




