ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរទាំងប្រាំក្រុងស្រុក វិស័យឯកជន លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិវាជាតិ TVET ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណតម្លៃនៃការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ។ លោក បន្តថា ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២៦ (រយៈពេល ៥ខែដើមឆ្នាំ) មានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៥នាក់ (ស្រី ២២៥នាក់) លើមុខជំនាញសំខាន់ៗរួមមាន សេវាកម្ម, កុំព្យូទ័រ, អគ្គិសនី, សម្អាងកាយ និងជួសជុលម៉ូតូ ។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខ្លឹមសារបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ។ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រដែលចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ ថែមទៀតផង ។
លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ លោក បន្តថា វិស័យ TVET ដើរតួនាទីជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាជាការវិនិយោគរយៈពេលខ្លី ឆាប់បានផល និងមានជំនាញច្បាស់លាស់។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានស្នើរដល់មន្ទីរ-អង្គភាព ជាពិសេស វិស័យឯកជន ក្នុងការជួយជំរុញ និងបញ្ជូនយុវជនមកសិក្សា ព្រមទាំងផ្តល់ឱកាសដល់សិស្ស-និស្សិត ទទួលបានការចុះកម្មសិក្សាហាត់ការ និងទទួលយកទៅបំពេញការងារឱ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ៕





