គិតមកដល់ឆ្នាំ២០២៦ក្រសួងបរិស្ថានបង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានសរុបចំនួន ១៩៤ សហគមន៍ និងមានសមាជិកសរុបចំនួនជាង៧ម៉ឺនគ្រួសារ
គិតរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានគាំទ្រ និង សម្របសម្រួល បង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ ដែលមានសមាជិកសរុបចំនួន៧៣២៣៧គ្រួសារ ហើយនិងបានចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២១៧៤ហិកតា។
នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ពិធីផ្សព្វផ្សាយប្រកាស ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេក ទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ឯកឧត្តម បញ្ជាក់បន្ថែមថា ក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាននិងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ២២៤១៤ គ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ឃុំ៥៤ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។
ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ក្រសួងបរិស្ថានបានដឹកនាំ សហការជាមួយក្រសួងស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្បទាទេសចរណ៍ជាមូលដ្ឋាននៅក្នុង ទីតាំងរមណីយដ្ឋានសហគមន៍រួមាន៖ ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត និងអនាម័យ កញ្ចុះលម្ហែរ ផ្លូវធ្វើដំណើរក្នុងព្រៃ (Trails) ស្លាកសញ្ញាសម្គាល់ទិស កន្លែងបោះតង់ ផ្ទះស្នាក់ របាំ និងវប្បធម៌សហគមន៍ ដោយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ និងភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំងការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។
លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា មហិច្ចតារបស់ក្រសួងបរិស្ថាន ចង់អោយតំបន់សហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ អាចមានសមត្ថភាព ធ្វើកិច្ចការងារលើកកម្ពស់ជីវភាពសហគមន៍ អោយបានគ្រប់កន្លែងដែលមានសក្កដានុពល ។គោលការណ៍ណែនាំនេះពិតជាមានសារៈសំខាន់សំរាប់ជួយទៅដល់បងប្អូនសហគម ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅក្នុងការរៀចំសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះអោយបានល្អប្រសើរឡើង មានគុណភាពខ្ពស់ អាចទាញយកការប្រើប្រាស់សក្កដានុពលពីធម្មជាតិរបស់ខ្លួន យកមកជួយជីវភាពបានល្អប្រសើរ ហើយមាននិរន្តរភាពដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ។
លោកជំទាវ បញ្ជាក់បន្ថែមថា ផែនការយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យសម្រាប់អភិវឌ្ឍសហគមន៍មូលដ្ឋាន គឺ “ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ មានសុខុមាលភាព ជីវភាពល្អប្រសើរ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌ ប្រកបដោយចីរភាព និងបរិយាបន្ន ឆ្ពោះទៅសម្រេចបាននូវសេដ្ឋកិច្ចអព្យាក្រឹតកាបូន ក្នុងឆ្នាំ ២០៥០”។ ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុចូលមួយដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន។
លោកជំទាវ បានបន្តទៀតថា ក្រសួងបរិស្ថាន បច្ចុប្បន្នមានសហគមន៍ចំនួន៣៨ បាន និងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញទេសចរណ៍ជាតិដែលគិតពីខែមករាដល់ដំណាច់ខែឧសភាឆ្នាំ២០២៦ មានចំនួន ៣៤២០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦០៦៥នាក់ ដោយបានផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាមានចំនួន ជាង ៣០ម៉ឺនដុល្លារអាមេរិក ក្នុងមួយសហគមន៍ និបង្កើតការងារផ្ទាល់បានប្រមាណ ៤ ៤០០ នាក់។
យ៉ាងណាមិញ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺចាំបាច់ និងតម្រូវឱ្យមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋានផងដែរ ពីព្រោះថា ពួកគាត់បានរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងបាន និងកំពុងប្រើប្រាស់ធនធានធម្មជាតិ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ៕





