ឯកឧត្តម ឈួរ សុបញ្ញា :មនុស្សដែលមានផ្លូវចិត្តល្អ នោះនឹងក្លាយជាកម្លាំងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គអប់រំវិបស្សនា វគ្គទី៦៣ ដែលបានរៀបចំឡើងនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ អភិបាលរងស្រុក អាជ្ញាធរដែនដី មន្ត្រីរាជការ ពុទ្ធបរិស័ទ និងយោគាវចរ សរុបប្រមាណ ១,១៣១ រូប។ វគ្គវិបស្សនាអប់រំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ពុទ្ធបរិស័ទ យុវជន និងសាធារណជនទូទៅ បានសិក្សា និងអនុវត្តព្រះធម៌តាមគន្លងវិបស្សនាកម្មដ្ឋាន ដើម្បីអប់រំសមាធិ និងបណ្តុះបញ្ញា ព្រមទាំងបណ្តុះស្មារតីសីលធម៌ សុជីវធម៌ និងការរស់នៅប្រកបដោយការយល់ដឹងខ្ពស់។
ឯកឧត្តមបានប្រសាសន៍ថា ក្នុងព្រះពុទ្ធសាសនា ការងារព្រះសាសនាត្រូវបានបែងចែកជាធំៗពីរបែប ហៅថា ធុរៈ ២ គឺ គន្ធធុរៈ និង វិបស្សនាធុរៈ។ គន្ធធុរៈ សំដៅលើការសិក្សារៀនសូត្រ ព្រះវិន័យ និងព្រះអភិធម្ម តាមព្រះត្រៃបិដក ខណៈវិបស្សនាធុរៈ សំដៅលើការយកចំណេះដឹងទាំងនោះមកអនុវត្តជាក់ស្តែងតាមរយៈការចម្រើនសមាធិ និងវិបស្សនា ដើម្បីឱ្យកើតបញ្ញាឃើញការពិតនៃជីវិត។ វគ្គវិបស្សនារយៈពេលខ្លីបែបនេះ ទោះមានរយៈពេលមិនយូរក្តី ប៉ុន្តែមានតម្លៃយ៉ាងធំធេងសម្រាប់ការបណ្តុះចិត្តឱ្យស្ងប់ កាត់បន្ថយកិលេស តណ្ហា និងភាពច្របូកច្របល់ក្នុងអារម្មណ៍ ព្រមទាំងជួយឱ្យអ្នកអនុវត្តមានការគ្រប់គ្រងខ្លួនឯងបានល្អប្រសើរឡើង។ គោលធម៌ «សីល ទាន ភាវនា» ដែលជាបេះដូងនៃការអប់រំតាមព្រះពុទ្ធសាសនា ត្រូវបានលើកយកមកអនុវត្តក្នុងវគ្គនេះយ៉ាងជាក់ស្តែង។ សីល ជាគ្រឹះនៃវិន័យ និងសេចក្ដីថ្លៃថ្នូរ ទាន ជាមូលដ្ឋាននៃការចែករំលែក និងមេត្តាករុណា ចំណែកភាវនា ជាមាគ៌ានៃការអភិវឌ្ឍចិត្ត និងបញ្ញា។ ធម៌ទាំងបីនេះ មិនមែនសម្រាប់តែអ្នកកាន់សាសនាប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍ជីវិតដែលអាចយកទៅអនុវត្តបានគ្រប់កាលៈទេសៈ។ ការរៀបចំវគ្គវិបស្សនាអប់រំជាបន្តបន្ទាប់ បានបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការពង្រឹងគុណធម៌ សីលធម៌ និងសុខដុមរមនាក្នុងសង្គម ដោយយកព្រះធម៌ជាមូលដ្ឋាននៃការអភិវឌ្ឍមនុស្ស និងការកសាងសង្គមប្រកបដោយសន្តិភាព។
ឯកឧត្តមបានបន្តទៀតថា ការរៀបចំវគ្គវិបស្សនាអប់រំនេះក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក “មនុស្ស”ជាវិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍជាតិ។ យុទ្ធសាស្ត្របញ្ចកោណបានផ្តោតលើការកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ វិបស្សនាកម្មដ្ឋាន និងការអប់រំតាមព្រះពុទ្ធសាសនា គឺជាការអភិវឌ្ឍ“មូលធនមនុស្សផ្នែកខាងក្នុង” ដែលជួយឱ្យមនុស្សមានសតិ បញ្ញា វិន័យ ភាពអត់ធ្មត់ និងសមត្ថភាពគ្រប់គ្រងខ្លួនឯង។ មនុស្សដែលមានគុណភាពផ្លូវចិត្តល្អ នឹងក្លាយជាកម្លាំងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ លើសពីនេះ ការបណ្តុះសីលធម៌ និងការចម្រើនភាវនា ក៏ជាការរួមចំណែកដល់ការកសាង សង្គមប្រកបដោយភាពសុខដុមរមនា ការគោរពច្បាប់ ការកាត់បន្ថយអំពើហិង្សា គ្រឿងញៀន និងបញ្ហាសង្គមផ្សេងៗ ដែលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមស៊ីវិល័យ និងអភិវឌ្ឍប្រកបដោយចីរភាព។ វគ្គអប់រំវិបស្សនានេះមិនមែនត្រឹមជាសកម្មភាពសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើមនុស្ស ជាការកសាងធនធានមនុស្សផ្នែកសីលធម៌ និងបញ្ញា ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍជាតិ និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នាពេលអនាគត«ជ័យជម្នះពិតប្រាកដ មិនមែនជាជ័យជម្នះលើអ្នកដទៃទេ ប៉ុន្តែជាជ័យជម្នះលើចិត្តខ្លួនឯង»។ ការចម្រើនវិបស្សនា គឺជាផ្លូវនៃការឈ្នះចិត្តខ្លួនឯង ហើយមនុស្សដែលឈ្នះចិត្តខ្លួនឯងបាន នឹងក្លាយជាពលរដ្ឋល្អ និងជាកម្លាំងដ៏មានតម្លៃសម្រាប់ជាតិ។
ឯកឧត្តមសូមអនុមោទនាបុណ្យចំពោះគណៈកម្មការរៀបចំ ព្រះថេរានុថេរៈ និងយោគាវចរទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវគ្គវិបស្សនាអប់រំនេះប្រព្រឹត្តទៅដោយជោគជ័យ និងសូមឱ្យពន្លឺនៃសតិ បញ្ញា និងព្រះធម៌ បន្តបំភ្លឺសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងសុខសាន្តតរៀងទៅ។





