ក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលប្រឡងជាប់មន្ត្រីថ្មី ៤៥នាក់ ក្នុងក្របខ័ណ្ឌក្រសួងការបរទេស ក្រោមការពិនិត្យផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ឆ្នាំ ២០២៦ ត្រូវបានបញ្ចប់ទៅដោយរលូន ពេញមួយថ្ងៃ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

ភ្លាមៗបន្ទាប់ពីបញ្ចប់វិញ្ញាសាសម្ភាសផ្ទាល់មាត់ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញមានវត្តមាននៅមណ្ឌលប្រឡងផ្ទាល់ ដើម្បីពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡង។

​ជាលទ្ធផលនៃការប្រឡងប្រជែងលើមុខវិជ្ជាជីវៈនេះ មានបេក្ខជនឆ្នើមចំនួន ៤៥ នាក់ ត្រូវបានជ្រើសរើស ក្នុងនោះរួមមាន ឧបសម្ព័ន្ធទី ២ បេក្ខជនប្រឡងជាប់ចំនួន ៣៧ នាក់ លើតម្រូវការសរុប ៣៨ នាក់។ ឧបសម្ព័ន្ធទី៣ បេក្ខជនប្រឡងជាប់ចំនួន ៨ នាក់ លើតម្រូវការសរុប ៩ នាក់។

ក្នុងដំណើរការពិនិត្យ និងចុះហត្ថលេខានេះ ក៏មានការចូលរួមពីអនុគណៈកម្មការនានា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត ដើម្បីធានាឱ្យបានដាច់ខាតនូវ តម្លាភាព យុត្តិធម៌ និងសុក្រឹតភាពច្បាស់លាស់ពេញលេញ។