ឯកឧត្តម ឈួរ សុបញ្ញា : ដំណើរកម្សាន្តទៅកាន់ដែនដីអាណាចក្រចេនឡា គឺជាផ្នែកមួយនៃការបណ្តុះស្មារតីជាតិ ចែករំលែកក្តីស្រឡាញ់ និងជំរុញយុវជនឱ្យស្គាល់ឫសគល់អរិយធម៌ខ្មែរ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ១៤ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» (Tourism and Humanitarian Trip to the Chenla Empire) ដែលរៀបចំឡើងនៅសាលាបឋមសិក្សាស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន សប្បុរសជន និងតំណាងស្ថាប័នពាក់ព័ន្ធប្រមាណ ៥០០រូប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីប្រវត្តិសាស្ត្រ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបណ្តុះស្មារតីមនុស្សធម៌ ការចែករំលែក និងការទទួលខុសត្រូវចំពោះសង្គម។

ក្នុងឱកាសនោះ លោក សេម ជាអ្នកផ្តួចផ្តើមកម្មវិធីទស្សនកិច្ចនេះ បានថ្លែងថា កម្មវិធីដំណើរទស្សនកិច្ចនេះកើតចេញពីការយល់ឃើញថាយុវជនជំនាន់ក្រោយត្រូវការទាំងចំណេះដឹង និងមនសិការជាតិ។ ការធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្ត្រ និងការចូលរួមសកម្មភាពមនុស្សធម៌ មិនត្រឹមជាការកម្សាន្តនោះទេ ប៉ុន្តែជាការសិក្សាពីជីវិត ពីប្រវត្តិសាស្ត្រ និងពីតម្លៃនៃការចែករំលែកទៅកាន់អ្នកដទៃ។ លោកបានបញ្ជាក់ថា «យុវជនដែលស្គាល់អតីតកាលរបស់ខ្លួន នឹងមានទំនុកចិត្តក្នុងការកសាងអនាគតរបស់ជាតិ»។

ក្នុងមតិសំណេះសំណាលរបស់ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងអំពីសារៈសំខាន់នៃការដាស់ស្មារតីជាតិចំពោះយុវជន ដោយគូសបញ្ជាក់ថា ការស្រឡាញ់ជាតិមិនមែនស្ថិតនៅត្រឹមពាក្យសម្តីនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការស្គាល់ប្រវត្តិសាស្ត្រជាតិ ការយល់ដឹងពីគុណតម្លៃអរិយធម៌ដូនតា និងការទទួលខុសត្រូវចំពោះអនាគតប្រទេសជាតិ។ ការមកទស្សនាដែនដីអាណាចក្រចេនឡានាពេលនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការដាស់ស្មារតីជាតិនោះឱ្យបន្តរស់ឡើងវិញ ជាពិសេសក្នុងចំណោមយុវជនព្រោះនៅពេលយើងស្គាល់ប្រវត្តិសាស្ត្ររបស់ខ្លួន យើងនឹងមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន។ នៅពេលយើងយល់ពីការលះបង់របស់បុព្វបុរស យើងនឹងយល់ពីតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍ ហើយនៅពេលយើងយល់ពីភាពរុងរឿងនៃអតីតកាល យើងនឹងមានទំនុកចិត្តក្នុង ការកសាងអនាគត។

ឯកឧត្តមបានរំលឹកផងដែរថា ក្នុងបរិបទនៃការដាស់ស្មារតីជាតិនេះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលមានព្រះឥន្ទមុនី សុំ សុខា ជាព្រះប្រធាន តែងតែប្រកាន់ខ្ជាប់នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការផ្សារភ្ជាប់ព្រះពុទ្ធសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ និងស្មារតីជាតិ ឱ្យក្លាយជាកម្លាំងសម្រាប់ការកសាងមនុស្ស និងសង្គម។ តាមរយៈសកម្មភាពអប់រំ សាសនា មនុស្សធម៌ សប្បុរសធម៌ និងការអភិវឌ្ឍយុវជន ពុទ្ធិកសមាគមកម្ពុជរដ្ឋបានរួមចំណែកលើកកម្ពស់សីលធម៌ សាមគ្គីភាព និងស្មារតីទទួល ខុសត្រូវចំពោះសង្គម។ ពុទ្ធិកសមាគមកម្ពុជរដ្ឋជឿជាក់ថា ការកសាងជាតិដ៏រឹងមាំ ត្រូវចាប់ផ្តើមពីការកសាងមនុស្ស ឱ្យមានសីល បញ្ញា គុណធម៌ និងស្មារតីជាតិជាមុនសិន។ ប្រវត្តិសាស្ត្របានបង្ហាញថា រាល់ដំណាក់កាលដែលខ្មែររួបរួមគ្នា ជាតិបានឈាន ទៅរកភាពរុងរឿង និងអាចការពារឯករាជ្យ អធិបតេយ្យភាព និងអត្តសញ្ញាណរបស់ខ្លួនបានយ៉ាងរឹងមាំ។ផ្ទុយទៅវិញ នៅពេលមានការបែកបាក់ និងការមិនទុកចិត្តគ្នា នោះជាតិក៏បានប្រឈមនឹងការបាត់បង់ និងភាពទន់ខ្សោយ ជាច្រើន។ ការដាស់ស្មារតីជាតិដែលយើងកំពុងនិយាយនៅថ្ងៃនេះ មិនមែនជាការដាស់ឱ្យមនុស្សមានអារម្មណ៍ ស្រឡាញ់ជាតិត្រឹមតែផ្លូវអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ឱ្យមានការរួបរួម សាមគ្គីភាព ការទទួលខុសត្រូវ និងការចូលរួមកសាងជាតិ ពីព្រោះស្មារតីជាតិដែលពិតប្រាកដ គឺស្មារតីដែលអាចបម្លែងទៅជាសកម្មភាពជាក់ស្តែង ដើម្បីការពារ អភិវឌ្ឍ និងលើកតម្កើងប្រទេសជាតិ។

ឯកឧត្តមបន្តទៀតថា នៅពេលដែលយើងនិយាយអំពី «ការដាស់ស្មារតីជាតិ» យើងក៏ត្រូវនិយាយអំពី «ការការពារជាតិ» ផងដែរ។ ពីព្រោះស្មារតីជាតិដែលពិតប្រាកដ មិនមែនគ្រាន់តែជាការមានមោទនភាពចំពោះអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការត្រៀមខ្លួនទទួលខុសត្រូវចំពោះបច្ចុប្បន្ន និងអនាគតរបស់ប្រទេសជាតិ។ ការការពារជាតិ គឺជាកាតព្វកិច្ច ដ៏ពិសិដ្ឋ និងជាទំនួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ទោះបីជាកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ជាអ្នកឈរជើងនៅជួរមុខក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជាតិក៏ដោយ ក៏ការការពារជាតិមិនអាចសម្រេចបានដោយកម្លាំងប្រដាប់អាវុធតែឯងឡើយ ប្រសិនបើខ្វះការគាំទ្រ ការចូលរួម និងសាមគ្គីភាពពីប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងឱកាសនោះឯកឧត្តមក៏បានសំណូមពរផងដែរដល់យុវជន ដែលបានចូលរួមទាំងអស់ថា ថា៖

១. យុវជនត្រូវស្គាល់ឫសគល់របស់ខ្លួន ព្រោះប្រជាជាតិដែលភ្លេចប្រវត្តិសាស្ត្រ នឹងងាយបាត់បង់អត្តសញ្ញាណ និងទិសដៅរបស់ខ្លួន។

២. យុវជនត្រូវចេះដឹងគុណដូនតា ដែលបានបន្សល់ទុកនូវអរិយធម៌ វប្បធម៌ និងមរតកជាតិដ៏មហាសាលសម្រាប់កូនចៅជំនាន់ក្រោយ។

៣. យុវជនត្រូវបណ្តុះស្មារតីសាមគ្គីភាព និងការបម្រើសង្គម ព្រោះការអភិវឌ្ឍជាតិ មិនអាចកើតឡើងដោយបុគ្គលម្នាក់ឯងបានឡើយ។

៤. យុវជនត្រូវខិតខំសិក្សា និងកសាងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍជាតិ។

ខណៈនោះលោកស្រី នាយិកាសាលាបឋមសិក្សាស្វាយរំពារ បានសម្តែងនូវអំណរគុណចំពោះគណៈរៀបចំ និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅតាមតំបន់ជនបទ។ លោកស្រីបានបញ្ជាក់ថា កម្មវិធីនេះបានផ្តល់ទាំងចំណេះដឹង ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់សិស្សានុសិស្សក្នុងការបន្តការសិក្សា និងខិតខំក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

កម្មវិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយអត្ថន័យ ដោយបានបន្សល់ទុកនូវស្មារតីស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ និងស្មារតីចែករំលែកជូនដល់យុវជនជំនាន់ក្រោយ។