ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមាន ចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរកលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀន សូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យ សម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំ ប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។
ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការ ប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស និងភាពសប្បាយរីករាយ។ ប៉ុន្តែ ភាពសប្បាយរីករាយនៃការលេងកីឡារបស់ប្អូនៗយុវជន សូមកុំភ្លេចការសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងឲ្យក្លាយជាពលរដ្ឋល្អ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំទៀតថា កីឡា គឺជាល្បែងប្រជាប្រិយ ជាការរៀនសូត្រ ជាពិសេសបង្រៀនប្អូនៗយុវជនអាចពង្រឹងកាយសម្បទា ឱ្យមានសុខភាពល្អ និងមានស្មារតីរឹងមាំ ព្រមទាំងចេះអត់ធ្មត់ និងចេះគិតដោះស្រាយបញ្ហាបានលឿន ដោយមិនយកកំហឹងមកដោះស្រាយបញ្ហាឡើយ។ លើសពីនេះ កីឡាធ្វើឱ្យយុវជនចេះធ្វើការជាក្រុម ចេះគោរពវិន័យ ចេះបង្កើតសាមគ្គីភាព និងបង្កើតមិត្តភាព។ ជាពិសេសជ័យជម្នះក្នុងការប្រកួតពេលនេះ គឺជាជ័យជម្នះរបស់ស្រុកខ្សាច់កណ្តាលទាំងមូល។
ការប្រកួតព្រឹកនេះ បានចាប់ផ្តើមរវាងក្រុមកីឡាករមកពីឃុំពុកឫស្សី និងក្រុមកីឡាករមកពីឃុំវិហារសួគ៌ នៅម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១០ និង៣០នាទី ក្រោមបរិយាកាសសប្បាយរីករាយ សើចហ៊ោរបស់អ្នកទស្សនា ដែលធ្វើឱ្យកីឡាករទាំងសងខាងប្រកួតគ្នាយ៉ាងស្វិតស្វាញ។
លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានបូកសរុបលទ្ធផលប្រកួតជូនគណៈអធិបតីថា នេះគឺជាការប្រកួតកីឡាបាល់ទាត់មហាជន លើកទី៧ របស់ស្រុកខ្សាច់កណ្តាល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ។
លោកបានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ឆ្នាំ ២០២៦នេះ មាន១២ក្រុម ដោយប្រកួតជ្រើសរើសយកលេខ១ និងលេខ២ បន្ទាប់ពីលេខ៣ និងលេខ៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ។ លទ្ធផលការប្រកួតកីឡាករឃុំពុកឫស្សីយកឈ្មះក្រុមកីឡាឃុំវិហាសួគ៌ ៣ទល់នឹង២។
ចំណែកក្រុមកីឡាមកពីឃុំសន្លុងយកឈ្នះក្រុមកីឡាមកពីឃុំស៊ីធរ ៤ទល់នឹង៣។ ជ័យលាភីលេខ១ បានទៅក្រុមយុវជនឃុំពុកឫស្សីមេដៃមាស២៥គ្រឿង ថវិកាចំនួន៦លានរៀល។ ជ័យលាភីលេខ២ បានទៅក្រុមយុវជនឃុំវិហារសួគ៌ មេដៃប្រាក់២៥គ្រឿង ថវិកាចំនួន ៤លានរៀល។ ជ័យលាភីលេខ៣ បានទៅក្រុមយុវជនឃុំស៊ីធរ មេដៃសំរឹទ្ធ២៥គ្រឿង ថវិកាចំនួន៣លានរៀល និងជ័យលាភីលេខ៤ បានទៅក្រុមយុវជនឃុំសន្លុង ដោយទទួលបានថវិកាលើកទឹកចិត្ត ចំនួន១លានរៀល។
សូមរំឭកថា ពិធីប្រកួតកីឡាបាល់ទាត់ដណ្តើមពាន រង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕





