ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកុដិថ្មីនៅវត្តអង្គកំណប់ ខេត្តតាកែវ ដោយសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាព

(តាកែវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះ មានការរៀបចំពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកុដិថ្មីមួយខ្នង ស្ថិតនៅវត្តអង្គកំណប់ ក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលកុដិថ្មីដ៏ស្រស់ស្អាត ដែលមានទំហំ ១០ម៉ែត្រ គុណនឹង ១២ម៉ែត្រ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលដ៏ថ្លៃថ្លានេះ នឹងបម្រើដល់វិស័យព្រះពុទ្ធសាសនា ក្លាយជាទីសេនាសនៈដ៏ស័ក្តិសមសម្រាប់ព្រះសង្ឃគង់នៅ និងជាទីកន្លែងប្រមូលផ្តុំសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រារព្ធពិធីបុណ្យទាននានា។ សមិទ្ធផលទាំងនេះ មិនអាចលេចចេញជារូបរាងឡើងដោយឯកឯងបានឡើយ ប្រសិនបើគ្មានការរួបរួមសាមគ្គី និងការចូលរួមចំណែកពីសំណាក់ពុទ្ធបរិស័ទទាំងអស់។

ទន្ទឹមនឹងនោះ ឯកឧត្ដមនាយកមន្ទីរ ក៏បានរំលេចយ៉ាងច្បាស់អំពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយបានសង្កត់ធ្ងន់ថា៖ “មានសន្តិភាព ទើបមានការអភិវឌ្ឍ”។ កត្តាសន្តិភាពនេះហើយ ជាចំណុចគន្លឹះដែលផ្តល់ឱកាសពេញលេញជូនប្រជាពលរដ្ឋ អាចធ្វើដំណើរ ជួបជុំគ្នា និងកសាងសមិទ្ធផលនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបន្តថា ស្របពេលដែលវិស័យអាណាចក្រកំពុងបោះជំហានទៅមុខ វិស័យពុទ្ធចក្រក៏កំពុងតែមានការរីកចម្រើនឥតឈប់ឈរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

បន្ថែមពីលើនេះ ឯកឧត្តមបានរំលឹកពីការលះបង់ដ៏ធំធេង និងការស្វែងរកសន្តិភាពយ៉ាងលំបាកលំបិនរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយនឹងការបន្តវេនដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការដឹកនាំដ៏ត្រឹមត្រូវនេះហើយ ដែលធានាបាននូវសេរីភាព និងភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលសន្តិភាពតែមួយ។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលកុដិថ្មីដែលត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះចំណាយថវិកាសរុបចំនួន ៣៦,៨៤៥ដុល្លាសហរដ្ឋអាមេរិក ក្នុងនោះផងដែរ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ តាមរយៈ ឯកឧត្ដម ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ លីន ចំណាយបច្ច័យកសាងចំនួន ១៥,០០០ ដុល្លារសហរដ្ឋអាមេរិក។ បន្ថែមលើសពីនោះ ដើម្បីសម្រាលបន្ទុកចំណាយរបស់វត្ត ឯកឧត្តមក៏បានប្រគេនបច្ច័យបន្ថែមចំនួន ៣០លានរៀល ដើម្បីទូទាត់សងថ្លៃខ្វះខាតជូនជាងសាងសង់ផងដែរ។នៅទីបញ្ចប់នៃកម្មវិធី គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកុដិថ្មីនេះ និងបានដឹកនាំពុទ្ធបរិស័ទទាំងអស់ ប្រារព្ធពិធីរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងជាពិសេសឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។