កម្លាំងចម្រុះសម្រុកចុះឡោមព័ទ្ធ និងឆែកឆេរឃ្លាំងសាច់ និងប្រហិតបង្កកខុសច្បាប់ ៣៣ទីតាំង ក្នុងថ្ងៃតែមួយ!

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ៣៣កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។ ក្នុងប្រតិបតិការទាំង ៣៣ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញ៖

១. ទីតាំងឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB (CAMBODIA) មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយរកឃើញសាច់ និងផលិតផលសត្វចំនួន ១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ។ 

២. ទីតាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន ២១មុខ ស្មើនឹងជាង១.២០០គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ 

៣. ទីតាំងឃ្លាំងទំនិញធំៗចំនួន ២ ដែលមានម្ចាស់តែមួយ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ សង្ស័យថាមាននាំចូលទំនិញបង្កក និងផលិតផលនាំចូលពីប្រទេសថៃ។

៤. ទីតាំងឃ្លាំងលេខ៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុនLUX ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល តាមការពិនិត្យជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន ០២ប្រភេទ មានទម្ងន់សរុបជិត ៣០តោន ប៉ុន្តែមិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ។

ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំង និងទូរបង្កកទាំងអស់ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន ០៥នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។