ពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកឲ្យវិស័យឯកជន និងវិស័យសាធារណៈ ប្រើប្រាស់ទីតាំង ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា កម្មវិធីកម្សាន្ត ព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីសាជីវកម្មផ្សេងៗ
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និងជាសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជាមួយ ក្នុងយុគសម័យទំនើប សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្ដិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ប៉ុន្តែទីនេះគឺជា មជ្ឈមណ្ឌល សេវាកម្មពហុបំណង (Multi-function Service Hub) ដែលមានលទ្ធភាពខ្ពស់ ក្នុងការទទួលរៀបចំ ព្រឹត្តិការណ៍ និងកម្មវិធី គ្រប់កម្រិត ដូចជា ព្រឹត្តិការណ៍កីឡា កម្មវិធីកម្សាន្ត ព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីសាជីវកម្មផងដែរ។
នេះជាប្រសាសន៍ ឯកឧត្តម សេង តុលា នាយកប្រតិបត្តិ ពហុកីឡដ្ឋានជាតិ មរតកតេជោ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ពីសក្ដានុពល នៃហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម សេង តុលា នាយកប្រតិបត្តិ ពហុកីឡដ្ឋានជាតិ មរតកតេជោ បានបន្តទៀតថា ដើម្បីថែរក្សាមរតក ដ៏ថ្លៃថ្លា ដែលសម្តេចតេជោ បានផ្តល់ជូនជាតិ និងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត «ពហុកីឡដ្ឋានជាតិ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីគ្រប់គ្រងពហុកីឡដ្ឋានជាតិ មរតកតេជោ និងឈានទៅគ្រប់គ្រង ពហុកីឡដ្ឋានជាតិ អូឡាំពិកនាពេលខាងមុខ។ យន្តការថ្មីនេះ បានផ្តល់នូវស្វ័យភាព និងលទ្ធភាពពេញលេញ ក្នុងការគ្រប់គ្រង ចាត់ចែង ផ្តល់សេវាឆាប់រហ័ស មានប្រសិទ្ធភាព, និងធ្វើសកម្មភាពពាណិជ្ជកម្ម ដើម្បីកៀរគរចំណូលឱ្យ អស់សក្តានុពល ដើម្បីបម្រើឱ្យការងារថែទាំ ជួសជុល សម្រាប់ការប្រើប្រាស់ យូរអង្វែងតជំនាន់ ទៅខាងមុខទៀត ព្រមទាំងធ្វើការអភិវឌ្ឍ បន្ថែមតាមការចាំបាច់ ស្របតាមអភិក្រម ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺថា «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» សំដៅធានា និរន្តរភាពថវិកា និងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ។
ឯកឧត្តម សេង តុលា នាយកប្រតិបត្តិ បានបង្ហាញពី ក្ខុវិស័យទៅមុខពហុកីឡដ្ឋានជាតិជា មិនត្រឹមតែជាទីតាំងសម្រាប់រៀបចំ ការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែទីនេះគឺជាមជ្ឈមណ្ឌលសេវាកម្មពហុបំណង (Multi-function Service Hub) ដែលមានលទ្ធភាពខ្ពស់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ និងកម្មវិធី គ្រប់កម្រិត មានអាទិ៍ព្រឹត្តិការណ៍កីឡា៖ ការប្រកួតកីឡាលំដាប់ជាតិ និងអន្តរជាតិគ្រប់ទម្រង់។ កម្មវិធីកម្សាន្ត៖ ការប្រគំតន្ត្រីកម្រិតជាតិ/ អន្តរជាតិ និងកម្មវិធីសិល្បៈ វប្បធម៌ធំៗ។ ព្រឹត្តិការណ៍ធុរកិច្ច៖ ការតាំងពិព័រណ៍ពាណិជ្ជកម្ម សន្និសីទ និងសិក្ខាសាលាអាជីវកម្ម គ្រប់ប្រភេទ និងគ្រប់កម្រិត។ កម្មវិធីសាជីវកម្ម៖ ការរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ (Annual Retreat) និងការប្រកួតកីឡាសាមគ្គីរបស់ក្រុមហ៊ុនឯកជនផងដែរ។
ឯកឧត្តម បញ្ជាក់ជូនថា គ្រឹះស្ថានពហុកីឡដ្ឋានជាតិ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើគុណភាពសេវាកម្ម និងទីតាំង, ការរៀបចំបរិស្ថាន, អនាម័យ, សុវត្ថិភាព និងសន្តិសុខ ដើម្បីឱ្យប្រាកដថា រាល់ការរៀបចំកម្មវិធី និងព្រឹត្ដិការណ៍នៅពហុកីឡដ្ឋានជាតិនឹងប្រព្រឹត្ដិទៅដោយរលូន និងទទួលបានជោគជ័យ តាមការរំពឹង។ វិស័យឯកជន ត្រូវបានចាត់ទុកជាដៃគូ ដ៏សំខាន់មួយដែលមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយនឹងសក្តានុពលដ៏សំបើមនៃហេដ្ឋារចនាសម័្ពន្ធ ឯកឧត្តម នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ ក៏បានអំពាវនាវដល់វិស័យឯកជន និងវិស័យសាធារណៈ សូមពិនិត្យលទ្ធភាពប្រើប្រាស់ទីតាំងរបស់ពហុកីឡដ្ឋានជាតិមរតកតេជោ តាមតម្រូវការរៀងៗខ្លួនសម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ឬអាចធ្វើជាដៃសហការជាមួយពហុកីឡដ្ឋានជាតិក៏បាន៕





