ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់ , ការកំណត់អត្តសញ្ញាណគ្រឿងញៀន , តេស្តបឋម ,នីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទវិន័យនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ការកំណត់អត្តសញ្ញាណគ្រឿងញៀន តេស្តបឋម នីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទវិន័យនគរបាលជាតិកម្ពុជា ដែលមានសិក្ខាកាមសរុបចំនួន ៨១នាក់ នារី ២នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដ៏ជោគជ័យក្នុងរយៈពេល៥ថ្ងៃ ពោលគិតចាប់ពីព្រឹកថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពជាបន្តបន្ទាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្របតាមទិសដៅ និងផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារជំនាញ និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងស្ថានភាពបទល្មើសគ្រឿងញៀន សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ និងការអនុវត្តការងារជំនាញនៅក្នុងអង្គភាពផ្ទាល់។
ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួល បាននូវចំណេះដឹង បទពិសោធន៍ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពី ជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ការ់កំណត់អត្តសញ្ញាណគ្រឿងញៀន តេស្តបឋម នីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទវិន័យនគរបាលជាតិកម្ពុជា ខណៈចំណេះដឹងទាំងនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងគុណភាពការងារ ការអនុវត្តតួនាទីភារកិច្ច និងការលើក កម្ពស់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង សមត្ថភាពជំនាញវិជ្ជាជីវៈ និងការអនុវត្តនីតិវិធីច្បាប់ជូនដល់មន្ត្រីនគរបាលជាតិ ជាពិសេសមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់ និងវិជ្ជាជីវៈ ជាពិសេសការស៊ើបអង្កេតបទល្មើសគ្រឿងញៀន ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការកំណត់អត្តសញ្ញាណប្រភេទគ្រឿងញៀន ការប្រើប្រាស់ឧបករណ៍តេស្តបឋមសម្រាប់ពិនិត្យសារធាតុញៀន ការអនុវត្តនីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជាដើម៕





