យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ១៤គ្រឿង ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ និងពិន័យនៅទីតាំងផ្សេងៗគ្នា
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងបាវិត ខេត្តស្វាយរៀង ស្ថានីយកណ្តាលដុំ ខេត្តកំពង់ស្ពឺ ស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍សាត់ ស្ថានីយរលួស ខេត្តសៀមរាប និងស្ថានីយកាំពី ខេត្តក្រចេះ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ១៤គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ៤៩តោន។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕





