ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងត្រៀមរៀបចំពិព័រណ៍រូបថតអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅថែមទៀត។

ក្នុងជំនួបពិភាក្សាគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដោយភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឡាវ ដែលត្រូវបានថែរក្សា និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ រួមទាំងវិស័យព័ត៌មាន និងការផ្សព្វផ្សាយផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកឧត្តម Sonexay Vannaxay ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងព័ត៌មាន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឡាវ ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងកិច្ចសហការរវាងស្ថាប័នព័ត៌មាននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំពិព័រណ៍រូបថតពិសេសមួយ ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការរំលេចពីប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាព ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។

ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយក្រសួងព័ត៌មានកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

ជំនួបពិភាក្សាគ្នារវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឡាវនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ក៏ដូចជាការបន្តថែរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមានអាយុកាលជាច្រើនទសវត្សរ៍ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរតទៅមុខ៕