ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលជួប អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល
ជួបពិភាក្សាការងារជាមួយលោកជំទាវ ZHONG Jie, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា និងជម្រាបលានា ក៏ដូចជាទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម XUE Dong, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ​​​ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើន នាពេលកន្លងមក ។ កម្ពុជា-ចិន, ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប, បានពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាក់ស្តែង, ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ, ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវវិបត្តិនានាចាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ ១៩ រហូតដល់វិបត្តិនាពេលថ្មីៗនេះជាបន្តបន្ទាប់, រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, តាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការ, បានបន្តជួយជ្រោមជ្រែង តាមរយ:ជំនួយមនុស្សធម៌បន្ទាន់ក៏ដូចជា ការចូលរួមចំណែកដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្រ្ត, ផ្លូវជនបទ, ទឹកស្អាត, ថាមពល, សុខាភិបាល, អប់រំ, និងការអភិវឌ្ឍធនធានមនុស្ស ជាដើម ។ ទំហំរំហូរវិនិយោគ, ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិនក៏មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកជំទាវអគ្គទីប្រឹក្សា បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ទាំងក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន, ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងក្របខណ្ឌពហុភាគីរួមមាន៖ ក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែខ្លាំងក្លា និងតាមរយ:ទំនាក់ទំនងនេះ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន ។ លោកជំទាវអគ្គទីប្រឹក្សា ក៏បានសម្តែងនូវការត្រេកអរផងដែរ ដែលក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកជំទាវ បានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមាន មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវ៉ាតក្រុងទី ៣), គម្រោងសាងសង់ផ្លូវជាតិលេខ ៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះជំហានទី ២ ជាដើម ។ លោកជំទាវអគ្គទីប្រឹក្សា សង្ឃឹមថាកម្ពុជា-ចិន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការលើវិស័យផ្សេងទៀត ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងផ្តោតការចាប់អារមុ្មណ៍ និងមានភាពជា​យុទ្ធសាស្រ្ត ដូចជា វិស័យបច្ចេកវិទ្យា, កសិកម្ម និងពាណិជ្ជកម្ម ។

នាឱកាសនោះផងដែរ, ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ដែលនឹងត្រូវបន្តបេសកកម្មការងារនៅប្រទេសកម្ពុជា និងបានស្នើឯកឧត្តម XUE Dong បន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត ក្នុងនោះ បន្តគាំទ្រជាពិសេសដល់គម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាគឺ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងគម្រោងពាក់ព័ន្ធនានា ។

ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាថ្មី បានមានប្រសាសន៍បន្ថែមថា ឯកឧត្តមមានការត្រេកអរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា និងសន្យាថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅប្រទេសកម្ពុជា, ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន និងក្នុង​នាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ និងជូនពរ លោកជំទាវអគ្គទីប្រឹក្សា និងឯកឧត្តមអគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ព្រមទាំសហការី សូមទទួល​បាន​​សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងអាណត្តិការងារនាពេលអនាគតខាងមុខ ៕