អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «អគាររដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ»

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា គ.ស. ២០ Rot៦, នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «អគាររដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ»។

លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ មានប្រសាសន៍ថា អគាររដ្ឋបាលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមានសំណង់អគារ សង់ក្នុងបរិវេណផ្ទៃដីធំទូលាយ មានផ្ទៃក្រឡាសរុប ៥,០០០ ម៉ែត្រការ៉េ សង់បែរមុខទៅទិសនិរតី តាមបណ្តោយមហាវិថី អាលី អាឡាតាស់ និងមានរបងព័ទ្ធជុំវិញកម្ពស់ ៣ ម៉ែត្រ។ ផ្នែកខាងមុខអគារមានប៉ុស្តិ៍សន្តិសុខចំនួន ០២ ផ្នែកខាងក្រោយអគារមានទីធ្លាសម្រាប់ចំណតរថយន្ត និងទោចក្រយានយន្ត ដែលអាចចតបានប្រមាណជាង ១០០ គ្រឿង។

អគារនេះមានកម្ពស់ ៥ ជាន់ បណ្តោយ ៣១.៥ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ស្មើនឹងទំហំផ្ទៃក្រឡាសរុប ៣,៥៥២ ម៉ែត្រការ៉េ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលីញ ជាប្រភេទស្ថាបត្យកម្មក្លាស៊ិករចនាបទខ្មែរ ត្រូវបានបំពាក់ដោយប្រព័ន្ធទូភ្លើងមេ, ប្រព័ន្ធការពាររន្ទះ, ប្រព័ន្ធទឹកស្អាត, ទឹកស្អុយ, ទឹកភ្លៀង, ជណ្តើរយន្ត, ប្រព័ន្ធម៉ូទ័រពន្លត់អគ្គិភ័យ, ប្រព័ន្ធសុវត្ថិភាពអគារ ELV, ប្រព័ន្ធ Fire Alarm, ប្រព័ន្ធ Network Data System, ប្រព័ន្ធ WIFI, ប្រព័ន្ធ Telephone, ប្រព័ន្ធ CCTV និងសាលប្រជុំ, ផ្នែកដេគ័រខាងក្នុង និងសម្ភារបរិក្ខារការិយាល័យ ព្រមទាំងឧបករណ៍បច្ចេកទេសផ្សេងទៀតតាមជាន់នីមួយៗ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និងការកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយជវភាព និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្គ្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, និងការបន្តវេនដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នេះនៃរដ្ឋសភា, កម្ពុជាបន្ដសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់នូវស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ។

ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះនៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥, សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈមទាំងឡាយ និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ដែលកើតឡើងជាបន្តបន្ទាប់, និងខណៈខ្លះកើតឡើងដំណាលៗគ្នា, ដោយតម្រូវឱ្យរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេល និងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំងត្រៀមដាក់ចេញនូវវិធានការឆ្លើយតបមុតស្រួចលើគ្រប់វិស័យ សំដៅ, ម្ខាង, ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងបន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម; និងម្ខាងទៀត, ប្រែក្លាយបញ្ហាប្រឈមទាំងនេះឱ្យទៅជាកាលានុវត្តភាព តាមរយៈការបន្តខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជាភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការបង្កើន និងការពង្រឹងប្រព័ន្ធគាំពារសង្គម; ការកែលម្អបរិយាកាសធុរកិច្ច; ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច; ការពង្រឹងវិស័យហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ; ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើសកលលោក; ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់; ការបង្កើតការងារកាន់តែច្រើនសម្រាប់ពលករកម្ពុជា; និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ។ល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍មួយចំនួនជូនថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់យកទៅអនុវត្តជាមួយនឹងភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់, ដោយមានកិច្ចសហការជិតស្និទ្ធពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនៃក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរដែនដីក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖

ទី១- ការពង្រឹងរបៀបរបបការងារ៖ ថ្នាក់ដឹកនាំគ្រប់កម្រិតរបស់មន្ទីរ និងបណ្តាអង្គភាពក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព, គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង, ការដឹកនាំ និងការចាត់ចែងការងាររបស់ខ្លួន, រួមជាមួយនឹងការលើកកម្ពស់ការចូលរួម និងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង, ដែលជាកត្តាគន្លឹះដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការធានានូវប្រសិទ្ធភាព និងនិរន្តរភាពការងារ; និងត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងបុគ្គលិកដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលក្ខខណ្ឌការងារដែលត្រូវបានកំណត់, ពោលគឺ៖ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ, សុចរិតភាព, ភាពម្ចាស់ការ និងភាពបុរេសកម្ម, ស្របតាមអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ៖ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ព្រមទាំងអភិក្រមការងារទាំង ៤ ប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពោលគឺ៖ ១). អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ, ២). អនុវត្តការងារជាក្រុម, ៣). អនុវត្តការងារដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា, និង ៤). មិនត្រូវមើលរំលងកំហុសខ្លួនឯង។

ទី២- ការកសាងមូលធនមនុស្ស៖ ក្នុងរយៈកាលកន្លងទៅ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពមូលធនមនុស្ស ស្របតាមការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ច, និងនិន្នាការក្នុងតំបន់ និងលើសកលលោក។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់មន្ទីរ និងអង្គភាពនានាក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែមានសមត្ថភាព, សុចរិតភាព, សីលធម៌ និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបបានកាន់តែពេញលេញទៅនឹងសំណូមពរការងារ និងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី ១, ជាពិសេសយកចិត្តទុកដាក់លើការបង្កើន និងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់មន្ត្រី ក្នុងការអនុវត្តការងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ដែលជាមុខងារថ្មីទើបត្រូវបានបំពាក់ជូនមន្ទីរ។

ទី៣- ការកែទម្រង់ និងការធ្វើបរិវត្តកម្មឌីជីថល៖ សូមគាំទ្រ និងលើកទឹកចិត្តដល់មន្ទីរ និងបណ្តាអង្គភាពផ្សេងទៀតក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតាមរាជហានី-ខេត្ត បន្តយកចិត្តទុកដាក់លើការកែទម្រង់ ក៏ដូចជាការអនុវត្តភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងមុខងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើបរិវត្តកម្មឌីជីថល, ដើម្បី, ម្យ៉ាង, លើកកម្ពស់អភិបាលកិច្ច និងជួយឱ្យការបំពេញមុខងារ, តួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព; ព្រមទាំងចូលរួមចំណែកបានកាន់តែសកម្មក្នុងការអនុវត្តគោលនយោបាយ, កម្មវិធីកែទម្រង់, យុទ្ធសាស្ត្រ, វិធានការ និងផែនការនានារបស់រាជរដ្ឋាភិបាល ក្នុងនាមជាតំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន; និងម្យ៉ាងទៀត ដើម្បីពង្រឹងគុណភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ, សំដៅសម្រេចឱ្យបាននូវទិសដៅរួមនៃការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ពិសេសនៅថ្នាក់ក្រោមជាតិ ឱ្យមានសន្ទុះកាន់តែខ្លាំងក្លា, ស្របតាមទស្សនវិជ្ជា៖ «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្តេចតេជោ ហ៊ុន សែន។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមសង្កត់ធ្ងន់ដែរថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើការងារជាអាទិភាពមួយចំនួន រួមមាន៖ ១). ការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ២). ការជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ៣). ការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ៤). ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយប្រទាក់ក្រឡាគ្នាជាមួយផែនការសកម្មភាពរបស់រដ្ឋបាលរាជធានី-ខេត្ត ដែលត្រូវចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

ទី៤- ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ៖ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរដែនដី, មន្ទីរជំនាញ និងអង្គភាពនានាក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការស្អិតល្មួត ដើម្បីឱ្យការអនុវត្តមុខងារ, តួនាទី និងភារកិច្ចរបស់ខ្លួនដំណើរការទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ច្បាស់ណាស់ថា បើមិនមានកិច្ចសហប្រតិបត្តិការល្អរវាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអាជ្ញាធរដែនដី, មន្ទីរជំនាញ និងអង្គភាពនានានោះទេ, មន្ទីរជំនាញ និងអង្គភាពនីមួយៗអាចនឹងជួបបញ្ហាប្រឈមច្រើនក្នុងការសម្រេចបានដោយជោគជ័យនូវបេសកកម្មរបស់ខ្លួន, ជាពិសេសក្នុងបរិបទដែលមុខងារ និងការទទួលខុសត្រូវរបស់មន្ទីរ និងអង្គភាពពាក់ព័ន្ធកាន់តែរីកធំជាលំដាប់។

ទី៥- បន្ទាប់ពីយើងបានកសាងអគាររដ្ឋបាលដ៏ស្រស់ស្អាតនេះហើយ, ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់កម្រិតនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីរាជការ និងបុគ្គលិកដែលបម្រើការងារនៅទីនេះ នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យ និងសោភ័ណភាពនៃអគារទាំងមូលឱ្យបានល្អ និងស្អាតយូរអង្វែង, ដូចដែល សម្តេចតេជោ ប្រធានព្រឹទ្ធសភា តែងតែក្រើនរំលឹកយើងទាំងអស់គ្នាជារឿយៗថា៖ ការទទួលបានសមិទ្ធផលថ្មី គឺជារឿងល្អ; ប៉ុន្តែ អ្វីដែលសំខាន់ និងកាន់តែត្រូវយកចិត្តទុកដាក់នោះគឺ ការថែរក្សា និងការប្រើប្រាស់សមិទ្ធផលទាំងនោះឱ្យបានគង់វង្សយូរអង្វែងជានិរន្តរ៍។