ប្រជាជនរងគ្រោះពីការរញ្ជួយដីនៅហ្វីលីពីនអំពាវនាវស្នើសុំជំនួយដើម្បីបំពេញតម្រូវការមូលដ្ឋានជាចាំបាច់! បន្ទាប់ពីចំនួនអ្នករបួសកើនដល់៦៨៨នាក់ និងជាង៤ម៉ឺននាក់ផ្លាស់ទីជម្រក

អភិបាលក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានស្នើសុំយ៉ាងទទួចនូវឧទ្ធម្ភាគចក្រដឹកជញ្ជូនអាហារ ដើម្បីទប់ស្កាត់ភាពអត់ឃ្លាននៅក្នុងភូមិដាច់ស្រយាលជាច្រើនដែលរងនូវការបាក់ដី ខណៈដែលអ្នកស្រុកនិយាយថា ពួកគេមិនដឹងថាត្រូវយកសម្ភារៈប្រចាំថ្ងៃរបស់ពួកគេទៅណានោះទេ។ អ្នករស់រានមានជីវិតក្រោយពីគ្រោះរញ្ជួយដីឈ្មោះ Henerosa Nabaka បានអង្គុយក្បែររថយន្តភីកអាប់របស់គាត់ជាមួយកូននិងចៅដោយមិនដឹងថានឹងត្រូវធ្វើអ្វីបន្ទាប់នោះទេ ខណៈដែលទីក្រុងដែលគាត់រស់នៅពោរពេញទៅដោយកម្ទេចកម្ទីពីគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ។ គ្រោះរញ្ជួយដីនៅឯភាគនាយសមុទ្រហ្វីលីពីនកម្រិត ៧.៨ រ៉ិចទ័រ ដែលជាការរញ្ជួយដីដ៏ខ្លាំងបំផុតមួយមិនធ្លាប់មាន បានវាយប្រហារប្រទេសប្រជុំកោះហ្វីលីពីនក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះនាភាគខាងត្បូងខេត្ត Sarangani ហើយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៧ នាក់ស្លាប់ និង ៦៨៨ នាក់រងរបួស ដោយ ៣១នាក់នៅតែបាត់ខ្លួននៅឡើយទេមកដល់ពេលនេះ។ មនុស្សជាង ៤ម៉ឺន៥ពាន់នាក់នៅតែត្រូវផ្លាស់ប្តូរទីលំនៅរបស់ពួកគេ ខណៈចំនួនប្រហែលជាពាក់កណ្តាលស្ថិតក្នុងជម្រកសង្គ្រោះបន្ទាន់ បន្ទាប់ពីគ្រោះរញ្ជួយដីបានបំផ្លាញផ្ទះជាង ១២.៦០០ខ្នងនៅក្នុងទីក្រុង និងទីប្រជុំជនកសិកម្ម។ មន្ត្រីខេត្តបាននិយាយថា មនុស្សជាច្រើននាក់ទៀតកំពុងស្ថិតក្នុងរបួសផ្លូវចិត្តខ្លាំង ព្រោះមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ ដោយសារតែការរញ្ជួយដីនៅតែកើតមានជាបន្តបន្ទាប់។ អ្នកស្រី Maryjane Lacsi ស្រក់ទឹកភ្នែកនៅពេលដែលគាត់បានរៀបរាប់ពីស្ថានភាពបាត់បង់ផ្ទះរបស់គាត់ភ្លាមៗ សឹងតែមិនគួរឲ្យជឿ ឃើញផ្ទាល់នឹងភ្នែកដោយសារគ្រោះមហន្តរាយធម្មជាតិនេះ។ ការិយាល័យការពារជនស៊ីវិលបាននិយាយថា កញ្ចប់អាហារ ថវិកា និងជំនួយផ្សេងទៀតដែលមានតម្លៃជាង ២៦ លានប៉េសូ ស្មើនឹង ៤២៦,០០០ដុល្លារអាម៉េរិកត្រូវបានផ្តល់ជូនជនរងគ្រោះរហូតមកដល់ពេលនេះ ហើយយន្តហោះចល័តរបស់រដ្ឋាភិបាល និងរបស់មន្រ្តីយោធាចំនួន ១៨០គ្រឿង មានទាំងឧទ្ធម្ភាគចក្រ កប៉ាល់ និងរថយន្តដឹកទំនិញក៏ត្រូវបានដាក់ពង្រាយដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះដែរ។ ការិយាល័យនេះបាននិយាយទៀតថា ក្នុងនោះមានបុគ្គលិករដ្ឋាភិបាល និងយោធាប្រហែល ៣៤០០នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន សម្អាតកម្ទេចកម្ទីនៅតាមដងផ្លូវ ធ្វើការ វាយតម្លៃទំហំខូចខាត និងការងារកាត់បន្ថយគ្រោះមហន្តរាយផ្សេងៗទៀត។ សូមរំលឹកថាប្រទេសហ្វីលីពីនតែងតែរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែទីតាំងនៃប្រទេសនេះស្ថិតនៅចំលើអ័ក្ស “រង្វង់ភ្លើង ឬ Ring Of fire” ដែលមានទ្រនុងជាខ្សែធ្នូងាយរងគ្រោះរញ្ជួយដី រលកយក្សស៊ូណាមិច្រើនបំផុតនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ