អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ «អគាររដ្ឋបាល របស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានីភ្នំពេញ»
រាជធានីភ្នំពេញ, ថ្ងៃ សុក្រ ១២ រោច, ខែជេស្ឋ, ឆ្នាំមមី, អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា គ.ស. ២០២៦, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានីភ្នំពេញ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានអញ្ជើញជាអធិតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ «អគាររដ្ឋបាល របស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានីភ្នំពេញ»
លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញមានប្រសាសន៍ថា អគាររដ្ឋបាលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ
រួមមានសំណង់អគារ សង់ក្នុងបរិវេណផ្ទៃដីធំទូលាយ មានផ្ទៃក្រឡាសរុប៥,០០០ម៉ែត្រការ៉េ សង់បែរមុខទៅទិសនិរតី តាមបណ្តោយមហាវិថី អាលី អាឡាតាស់ និងមានរបង ព័ទ្ធជុំវិញកំពស់៣ម៉ែត្រ។ ផ្នែកខាងមុខអគារមានប៉ុស្តិ៍សន្តិសុខចំនួន០២ ផ្នែកខាងក្រោយ អគារមានទីធ្លាសម្រាប់ចំណតរថយន្ត និងទោចក្រយានយន្ត ដែលអាចចតបានប្រមាណជាង១០០គ្រឿង ។
អគារនេះមានកំពស់៥ជាន់ បណ្តោយ៣១.៥ម៉ែត្រ ទទឹង២១ម៉ែត្រ ស្មើនឹងទំហំផ្ទៃក្រឡាសរុប៣,៥៥២ម៉ែត្រការ៉េ សាងសង់អំពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿង ស្រកាលីញ ជាប្រភេទស្ថាបត្យកម្មក្លាស៊ិករចនាបទខ្មែរ ត្រូវបានបំពាក់ដោយប្រព័ន្ធ ទូរភ្លើងមេ, ប្រព័ន្ធការពាររន្ទះ, ប្រព័ន្ធទឹកស្អាត, ទឹកស្អុយ, ទឹកភ្លៀង, ជណ្តើរយន្ត, ប្រព័ន្ធម៉ូទ័រពន្លត់អគ្គីភ័យ, ប្រព័ន្ធសុវត្ថិភាពអគារ ELV, ប្រព័ន្ធ Fire Alarm, ប្រព័ន្ធ Network Data System, ប្រព័ន្ធ WIFI, ប្រព័ន្ធ Telephon, ប្រព័ន្ធCCTV និងសាលប្រជុំ, ផ្នែកដេគ័រខាងក្នុង និងសម្ភារបរិក្ខាការិយាល័យ ព្រមទាំងឧបកណ៍បច្ចេកទេសផ្សេងទៀត តាមជាន់នីមួយៗ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នមានប្រសាន៍ថាក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និង ការកែទម្រង់មុតស្រួចឥតងាករេ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយជវភាព និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, និង ការ-បន្តវេនដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, កម្ពុជា បន្ដសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និង បានផ្លាស់ប្ដូរមុខមាត់ គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំង ធានាបានយ៉ាងរឹងមាំ នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ចីរភាពហិរញ្ញវត្ថុសាធារណៈ ។
ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥, សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈមទាំងឡាយ និង សម្របខ្លួន ទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើង ជាបន្ដបន្ទាប់, និង ខណៈខ្លះ កើតឡើង ដំណាលៗគ្នា, ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំង ត្រៀមដាក់ចេញនូវវិធានការឆ្លើយតបមុតស្រួច លើគ្រប់វិស័យ សំដៅ, ម្ខាង, ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និង បន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម; និង ម្ខាងទៀត, ប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យទៅជាកាលានុវត្តភាព តាមរយៈការ- បន្តខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជា ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ តាមរយៈ ការពង្រីក និង ការពង្រឹងប្រព័ន្ធគាំពារសង្គម; ការកែលម្អបរិយាកាសធុរកិច្ច; ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច; ការពង្រឹងវិស័យហិរញ្ញវត្ថុ, ទាំងផ្នែកធនាគារ និង មិនមែនធនាគារ; ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅ នឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ និង លើសកលលោក; ការចាប់យកសកម្មភាពផលិតកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់; ការបង្កើតការងារកាន់តែច្រើន សម្រាប់ពលករកម្ពុជា; និង ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ ។ល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ, មន្រ្តីរាជការ និង បុគ្គលិក គ្រប់លំដាប់ថ្នាក់របស់មន្ទីរ និង អង្គភាពពាក់ព័ន្ធទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់យកទៅអនុវត្ត ជាមួយនឹងភាពបុរេសកម្ម និង ស្មារតីទទួលខុសត្រូវខ្ពស់, ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ និង អង្គភាព នៃក្រសួង-ស្ថាប័នព្រមទាំង អាជ្ញាធរដែនដី ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់, ដូចខាងក្រោម៖
ទី១- ការពង្រឹងរបៀបរបបការងារ៖ ថ្នាក់ដឹកនាំគ្រប់កម្រិតរបស់មន្ទីរ និង បណ្តាអង្គភាព ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព, គណនេយ្យភាព និង អភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង, ការដឹកនាំ និង ការ-ចាត់ចែងការងាររបស់ខ្លួន, រួមជាមួយនឹងការលើកកម្ពស់ការចូលរួម និង ការពង្រឹងសាមគ្គី- ភាព និង ឯកភាពផ្ទៃក្នុង, ដែលជាកត្តាគន្លឹះដ៏សំខាន់ និង មិនអាចខ្វះបាន, ក្នុងការធានានូវប្រសិទ្ធភាព និង និរន្តរភាពការងារ; និង ត្រូវពង្រឹងការអនុវត្តតួនាទី និង ភារកិច្ចប្រចាំថ្ងៃ របស់មន្ត្រីរាជការ និង បុគ្គលិក ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និង លក្ខខណ្ឌការងារ ដែលត្រូវបានកំណត់, ពោលគឺ៖ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ, សុចរិតភាព, ភាពម្ចាស់ការ និង ភាពបុរេសកម្ម, ស្របតាម អភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, គឺ៖ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» ព្រមទាំង អភិក្រមការងារ ទាំង ៤ ប្រការ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ពោលគឺ៖ ១). អនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ និង គោរពក្រមសីលធម៌វិជ្ជាជីវៈ, ២). អនុវត្ត ការងារជាក្រុម, ៣). អនុវត្តការងារ ដោយប្រកាន់ខ្ជាប់ នូវស្មារតីបុរេសកម្ម និង គោល-ការណ៍ប្រសិទ្ធភាពថវិកា, និង ៤). មិនត្រូវមើលរំលងកំហុសខ្លួនឯង ។
ទី២- ការកសាងមូលធនមនុស្ស៖ ក្នុងរយៈកាលកន្លងទៅ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាល និង ការពង្រឹងសមត្ថភាពមូលធនមនុស្ស ស្របតាមការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ច, និង និន្នាការ ក្នុងតំបន់ និង លើសកលលោក ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់មន្ទីរ និង អង្គភាពនានា ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការជំរុញ ការអភិវឌ្ឍមូលធនមនុស្ស ឲ្យកាន់តែមានសមត្ថភាព, សុចរិតភាព, សីលធម៌ និង វិជ្ជាជីវៈ ដើម្បីឆ្លើយតបបានកាន់តែពេញលេញ ទៅនឹងសំណូមពរការងារ និង តម្រូវការនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ, ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ដែលចាត់ទុក «មនុស្ស» ជា អាទិភាពគន្លឹះ ទី ១, ជាពិសេស យកចិត្តទុកដាក់ លើការ-ពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់មន្រ្តី ក្នុងការអនុវត្ដការងារស្ថិតិ និង សេដ្ឋកិច្ចមូលដ្ឋាន, ដែលជាមុខងារថ្មី ទើបត្រូវបានបំពាក់ជូនមន្ទីរ ។
ទី៣- ការកែទម្រង់ និង ការធ្វើបរិវត្តកម្មឌីជីថល៖ សូមគាំទ្រ និង លើកទឹកចិត្ត ដល់មន្ទីរ និង បណ្តាអង្គភាពផ្សេងទៀត ក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅតាមរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ លើការកែទម្រង់ ក៏ដូចជា ការអនុវត្តភារកិច្ច គ្រប់គ្រងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងមុខងារស្ថិតិ និង សេដ្ឋកិច្ចមូលដ្ឋាន និង ការធ្វើបរិវត្តកម្មឌីជីថល, ដើម្បី, ម្យ៉ាង, លើកកម្ពស់អភិបាលកិច្ច និង ជួយឲ្យការបំពេញមុខងារ, តួនាទី និង ភារកិច្ចរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, តម្លាភាព និង គណនេយ្យភាព; ព្រមទាំង ចូលរួមចំណែកបានកាន់តែសកម្ម ក្នុងការអនុវត្ដគោលនយោបាយ, កម្មវិធីកែទម្រង់, យុទ្ធសាស្រ្ដ, វិធានការ និង ផែនការនានារបស់រាជរដ្ឋាភិបាល, ក្នុងនាមជាតំណាងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន; និង ម្យ៉ាងទៀត, ដើម្បីពង្រឹងគុណភាព, ប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ គ្រប់ប្រភេទ, សំដៅសម្រេចឲ្យបាន នូវទិសដៅរួមនៃការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ពិសេស នៅថ្នាក់ក្រោមជាតិ, ឲ្យមានសម្ទុះកាន់តែខ្លាំងក្លា, ស្របតាមទស្សនវិជ្ជា៖ «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្តេចតេជោ ហ៊ុន សែន ។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមសង្កត់ធ្ងន់ដែរថា មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើការងារ ជាអាទិភាពមួយចំនួន រួមមាន៖ ១). ការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅថ្នាក់ក្រោមជាតិ, ២). ការជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ៣). ការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ៤). ការលើកកម្ពស់ តម្លាភាពថវិកា និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រទាក់ក្រឡាគ្នា ជាមួយផែនការសកម្មភាព របស់រដ្ឋបាលរាជធានី-ខេត្ត ដែលត្រូវចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ចាប់ពីឆ្នាំ ២០២៦ នេះ តទៅ ។
ទី៤- ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ៖ ខ្ញុំសូមជំរុញ និង លើកទឹកចិត្តមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា អាជ្ញាធរដែនដី, មន្ទីរជំនាញ និង អង្គភាពនានា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្ត បន្តយកចិត្តទុកដាក់ ខ្ពស់ លើការពង្រឹង និង ការពង្រីកកិច្ចសហប្រតិបត្តិការស្អិតល្មួត ដើម្បីឲ្យការអនុវត្តមុខងារ, តួនាទី និង ភារកិច្ចរបស់ខ្លួន ដំណើការទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ។ ច្បាស់ណាស់ថា បើមិនមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយអាជ្ញាធរដែនដី, មន្ទីរជំនាញ និង អង្គភាពនានា នោះទេ, មន្ទីរជំនាញ និង អង្គភាពនីមួយៗ អាចនឹងជួបបញ្ហាប្រឈមច្រើន ក្នុងការសម្រេចបាន ដោយជោគជ័យ នូវបេសកកម្មរបស់ខ្លួន, ជាពិសេស ក្នុងបរិបទដែលមុខងារ និង ការ-ទទួលខុសត្រូវរបស់មន្ទីរ និង អង្គភាពពាក់ព័ន្ធ កាន់តែរីកធំជាលំដាប់ ។ និងទី៥- បន្ទាប់ពីយើងបានកសាងអគាររដ្ឋបាល ដ៏ស្រស់ស្អាតនេះហើយ, ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់កម្រិតនៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានីភ្នំពេញ ក៏ដូចជា មន្រ្តីរាជការ និង បុគ្គលិក ដែលបម្រើការងារនៅទីនេះ នឹងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា អនាម័យ និង សោភ័ណភាពនៃអគារទាំងមូល ឲ្យបានល្អ និង ស្អាតយូរអង្វែង, ដូចដែល សម្តេចតេជោ ប្រធានព្រឹទ្ធសភា តែងតែក្រើនរំលឹកយើងទាំងអស់គ្នាជារើយៗថា៖ ការទទួលបានសមិទ្ធផលថ្មី គឺជារឿងល្អ; ប៉ុន្តែ, អ្វីដែលសំខាន់ និង កាន់តែត្រូវយកចិត្តទុកដាក់នោះ គឺ៖ ការថែរក្សា និង ការប្រើប្រាស់សមិទ្ធផលទាំងនោះ ឲ្យបានគង់វង្សយូរអង្វែង ជានិរន្ត ។





