ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខ ចុះត្រួតពិនិត្យសម្ភារៈ គ្រឿងបំពាក់ និងការត្រៀម បម្រុងនៅតាមកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ នៅ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១១ខែមិថុនា២០២៦ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន គ.ជ.គ.មតំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងប្រតិភូអញ្ជើញ ចុះត្រួតពិនិត្យសម្ភារៈ គ្រឿងបំពាក់ និងការត្រៀម បម្រុងនៅតាមកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ នៅ

កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ខេត្តកំពង់ឆ្នាំង។

ឧត្តមសេនីយ៏ត្រី សំរិទ្ធ សារិន្ទធ្វើរបាយការណ៏អំពីមធ្យោបាយ និងគ្រឿងបំពាក់មធ្យោបាយពីការគាំទ្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមមាន៖ទូកស្មាច់ ចំនួន ១០គ្រឿង ម៉ាស៊ីនកម្លាំង ២០សេស និង ១៨សេសអូប័រស្មាច់ ចំនួន ១០គ្រឿង ម៉ាស៊ីនកម្លាំង ២០សេស និង ១៨សេសអូប័រខ្យល់ ចំនួន ០២គ្រឿង។ដោយឡែក កងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ របស់កងពលតូចអន្តរាគមន៍លេខ១ បានអនុវត្តន៍យ៉ាង សកម្មតាមបទបញ្ជារបស់ថ្នាក់លើ និងបានចូលរួមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ ធម្មជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងប្រតិបត្តិការរុករកនិងសង្គ្រោះ ទាំងអស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រកបដោយឆន្ទៈ និងមានភាពទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខបានលើកឡើងពីស្ថានភាពបម្រែបម្រួលអាកាសធាតុបង្កើតបានជាភ័យន្តរាយទូទាំងពិភពលោក ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលរងនូវឥទ្ធិពលគ្រោះធម្មជាតិដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ អគ្គីភ័យជាដើម។ ល។ បណ្តាលឲ្យប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅ អាយុជីវិត សុខុមាលភាពរបស់ប្រជាពលរដ្ឋ បំផ្លាញផ្ទះ សម្បែង ជីវិតសត្វ ផលដំណាំ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ខូចខាតហេដ្ឋារចនាសម្ព័ន្ធ បង្កការ រាំងស្ទះដល់កិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឪកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខបានជំរុញបន្ថែមដូចខាងក្រោម៖

១.ត្រូវបន្តយកចិត្តទុកដាក់ថែទាំជាប់ជាប្រចាំនូវឧបករណ៏សំភារៈសង្គ្រោះដែលរាជរដ្ឋាភិបាល បំពាក់ជូនឲ្យបានល្អ ។

២.ហ្វឹកហ្វឺនពង្រឹងសម្ថភាព ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនិងគ្រោះមហន្តរាយផ្សេងៗ

៣.តាមដានសភាពទូទៅជាប់ជាប្រចាំ និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការឆ្លើយតប និងសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗទាន់ពេលវេលា។

បន្ទាប់គណៈប្រតិភូបានផ្តល់អំណោយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមាន(ឯកសណ្ឋានកងរុករកចំនួន១២០សម្រាប់ និងថវិកាចំនួន៥លានរៀល។