ពិធីសម្ពោធជាផ្លូវការសមិទ្ធផលថ្មីនៃវិស័យសុខាភិបាល “អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា” នៃមន្ទីរពេទ្យខេត្តបាត់ដំបង តាមរយៈជំនួយមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។

បាត់ដំបង៖  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម KIM Sungtai អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា» នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាជំនួយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋកូរ៉េ តាមរយៈ មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានក្តីសង្ឃឹមជាមុនថា «យើងទាំងអស់គ្នា សូមចូលរួមថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ អាគារសម្ពោធបើកដំណើរថ្មីនេះ នឹងជាឱកាសថ្មីមួយបន្ថែមទៀត ក្នុងការបម្រើ និងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋយើង ហើយដែលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាកម្លាំងចលករ នៃការបំពេញបេសសកម្មដ៏ឧត្តុង្គឧត្តមនេះ។»។

អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទានៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាជំនួយដ៏ថ្លៃថ្លា និងប្រកបដោយមនុស្សធម៌មិនអាចកាត់ថ្លៃបាន របស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) នៃសាធារណរដ្ឋកូរ៉េ។
អគារដែលនឹងដាក់ឱ្យដំណើរការនេះ មានតួនាទីលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសលើការថែទាំ និងព្យាបាលជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជាដើម និងសេវាស្តារនីតិសម្បទាវេជ្ជសាស្ត្រដែលប៉ះពាល់មកពីជំងឺមិនឆ្លង និងជំងឺផ្សេងៗ។ អគារនេះ បានបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យទំនើបៗ មានវិសាលភាពធំទូលាយ និងមានសមត្ថភាពឆ្លើយតបកាន់តែល្អប្រសើរចំពោះតម្រូវការសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងបណ្តាខេត្តជុំវិញ។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាល ត្រូវបន្តខិតខំបំពេញភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដូចខាងក្រោម៖

១) ត្រូវប្រកាន់ខ្ជាប់នូវមនសិកាវិជ្ជាជីវៈស្មារតីបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ ត្រូវធ្វើជាគំរូល្អក្នុងការងារ ប្រកបដោយវិន័យ សុចរិតភាព និងគណនេយ្យភាព លើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល។
២) មន្ត្រីសុខាភិបាល ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបដិសណ្ឋារកិច្ចល្អ។ បន្តពង្រឹងសមត្ថភាពជំនាញ និងរៀនសូត្រជាប្រចាំ ស្របតាមការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។
៣) ត្រូវយកចិត្តទុកដាក់លើការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង តាមរយៈការអប់រំសុខភាព និងការជំរុញឥរិយាបថរស់នៅប្រកបដោយសុខភាពល្អ។
៤) ជំរុញការចូលរួមរបស់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងវិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ។
៥) បន្តពង្រឹងប្រព័ន្ធសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
៦) បន្តថែរក្សា និងប្រើប្រាស់អគារ ឧបករណ៍ និងបរិក្ខារពេទ្យឱ្យមានប្រសិទ្ធភាព តម្លាភាព និងយូរអង្វែង។
៧) រួមគ្នាកសាងប្រព័ន្ធសុខាភិបាល ដោយបម្រើសេវាប្រកបដោយវិជ្ជាជីវៈ មនុស្សធម៌ និងស្នាមញញឹម ដើម្បីបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។
៨) ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រោះនេះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឋកូរ៉េ តាមរយៈ KOFIH ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវចូលរួមថែរក្សានិងប្រើប្រាស់ «អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទានៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង» ឱ្យមានប្រសិទ្ធភាព និងស្ថិតស្ថេរយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។