ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញដល់កសិករ ក្នុងការបង្កបង្កើនស្រូវទាន់រដូវកាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ជូនដល់កសិកររស់នៅឃុំរយ៉ ពិធីនេះប្រព្រឹត្តទៅនOសាលាឃុំរយ៉ ស្រុកកោះញែក។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ ឯកឧត្តម បញ្ជាក់ថា ការផ្តល់ពូជស្រូវសែនក្រអូបនេះ ជាពូជមានគុណភាព ដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារ ដូច្នេះ សូមប្រជាកសិករ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រើប្រាស់ទឹក ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម បានជំរុញឱ្យប្រជាកសិករ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដំណាំស្រូវ ដោយប្រើជីធម្មជាតិ ឬរៀនផលិតជីកំប៉ុសខ្លួនឯង សម្រាប់ប្រើប្រាស់កាត់បន្ថយប្រើជីគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រឹមប៉ុណ្ណោះ ក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនផ្ទៃដីដាំដុះ ចៀសវាងទុកដីទំនេរចោល ដាំដំណាំឈើហូបផ្លែ បន្លែ ចិញ្ចឹមសត្វ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយឱ្យបងប្អូនប្រជាកសិករ យកផលដំណាំដែលដាំដុះ លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។

លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា មន្ទីរ បានសហការជាមួយរដ្ឋបាលស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចែកពូជស្រូវសែនក្រអូប០១ សរុបចំនួន ៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់កសិករចំនួន ១០០គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារ ទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម ។ លោក បន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា។

នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពឃ្លាំងសម្ងួតស្រូវ របស់សាខាក្រុមហ៊ុនក្នុងស្រុក អេមរុ រ៉ាយស៍ (ខេមបូឌា) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕