ឯកឧត្តមបណ្ឌិត ចាយ បូរិន ពិនិត្យវឌ្ឍនភាពនៃការសាងសង់ សំណង់អាគារសាលារៀនចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ សំណង់អាគារសិក្សាចំនួន២ គឺ សាលាបឋមសិក្សា និង សាលារៀនឥស្លាម (អាស្សាអូខ ស៊ូមីយ៉ា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនសាសនិកឥស្លាម ស្ថិតនៅភូមិសំរោង ស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមរយៈរបាយការណ៍របស់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាទីប្រឹក្សាចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានិងជាប្រធានគណៈចលនាខ្មែរឥស្លាមចុះជួយខេត្តតាកែវ បានជម្រាបរបាយការណ៍ជូន ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ឲ្យបានជ្រាបថា ដោយសារកំណើនសិស្សនិងអគារសិក្សាចាស់មានភាពទ្រុឌទ្រោមខ្លាំង ប្រជាពលរដ្ឋក្នុងភូមិសំរោង មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបាន អគារសិក្សា២ខ្នងរួមមាន ៖
អគារទី១៖ សាលាបឋមសិក្សា អគារសិក្សា ១ខ្នង (២៣.៥ម៉ែត្រ×៨.៥ម៉ែត្រ) មានកំពស់ ២ជាន់ ស្មើនិង ៦បន្ទប់ និងដំបូលក្បឿង ។
អគារទី២៖ សាលារៀនឥស្លាម (អាស្សាអូខ ស៊ូមីយ៉ា)
(១៥ម៉ែត្រx៧ម៉ែត្រ) ស្មើនិង៣បន្ទប់ មានជាន់ផ្ទាល់ដី និងដំបូលក្បឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ សេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរឥស្លាម និង បងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូល ដែលកាន់ព្រះពុទ្ធសាសនា រហូតដល់ថ្នាក់មូលដ្ឋាន។ សមិទ្ធផលថ្មី ជាអគារសិក្សានេះ ស្តែងចេញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះធនធានបញ្ញាវ័នចាត់តាំងពីថ្នាក់បឋមរហូតដល់ឧត្តមសិក្សា ឲ្យក្លាយជាសសរទ្រូងន័យការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទ្វេរឡើងថែមទៀត ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសេរនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានិងជាប្រធានគណៈចលនាខ្មែរឥស្លាមចុះជួយខេត្តតាកែវ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រង់សាលា ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួនឲ្យបានរីកចម្រើនជាមួយរាជរដ្ឋាភិបាល ។ ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋានភូមិសំរោង ស្រុកកោះអណ្តែត ខេត្តតាកែវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសាលាបឋមសិក្សាចំនួន២ខ្នង សម្រាប់បម្រើដល់វិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព៕