ប្រជាជនអ៊ីរ៉ង់បង្ហាញក្តីបារម្ភខ្លាចរអាសង្គ្រាម ក្រោយពីអ៊ីស្រាអែលនិងអ៊ីរ៉ង់បាញ់តបតគ្នា! ពួកគេថា៖ សង្រ្គាមធ្វើឱ្យសេដ្ឋកិច្ចសកលរង្គោះរង្គើ ប្រេងសាំងឡើងថ្លៃ ម្ហូបអាហារក៏ឡើងថ្លៃដែរ
ប្រជាជនទីក្រុងតេអេរ៉ង់បាននិយាយអំពីគ្រាដ៏តានតឹងដែលពួកគេបានជួបប្រទះកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលអ៊ីរ៉ង់ និងអ៊ីស្រាអែលបានបាញ់ប្រហារគ្នាយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អ៊ីស្រាអែល និងអ៊ីរ៉ង់ហាក់ដូចជាដកថយពីការវាយប្រហារបន្តិចកាលពីថ្ងៃច័ន្ទនេះ បន្ទាប់ប៉ុន្មានម៉ោងដែលពួកគេបានបាញ់ប្រហារគ្នាជាលើកដំបូងរាប់ចាប់តាំងពីសហរដ្ឋអាមេរិកបានយល់ព្រមលើបទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់កាលពី២ខែមុន។ ប្រទេសទាំងពីរបានព្រមានថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារសងសឹកគ្នាទៅវិញទៅមក ប្រសិនបើភាគីណាមួយបង្កឡើងមុន។ អរិភាពដែលបានបន្ត ក៏បានបង្កើនក្តីព្រួយបារម្ភថាតំបន់មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំឡើងវិញដែរ។ នាង Forroghi ដែលជាអ្នករស់នៅទីក្រុងតេអេរ៉ង់បាននិយាយថា «មិនមែនគ្រាន់តែខ្ញុំទេ គឺមានមនុស្សគ្រប់គ្នាគឺខ្លាចមានសង្គ្រាមណាស់។ នៅពេលនោះខ្ញុំមានការព្រួយបារម្ភអំពីកូន២នាក់របស់ខ្ញុំដែលកំពុងរៀននៅសាលាមត្តេយ្យ មិត្តរួមការងាររបស់ខ្ញុំបានសួរថាហេតុអ្វីបានជាអ្នកយំ គឺមូលហេតុនៃសង្រ្គាមនេះឯង» ។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈមក សង្គ្រាមនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ជំរុញឱ្យតម្លៃថាមពលកើនឡើងនៅជុំវិញពិភពលោក និងធ្វើឱ្យតម្លៃមូលដ្ឋានគ្រឹះជាច្រើន រួមទាំងអាហារឡើងថ្លៃជាងមុន។ មន្ត្រីមិនអាចប្រែក្លាយបទឈប់បាញ់កាលពីខែមេសាទៅជាកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍បានទេ។ ការវាយប្រហារថ្មីៗនេះបានជំរុញឲ្យប្រធានាធិបតីអាមេរិក Donald Trump អំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ជាបន្ទាន់ដែរ។ មិនយូរប៉ុន្មាន បញ្ជាការរួមរបស់យោធាអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា ខ្លួនកំពុងបញ្ឈប់ការវាយប្រហារនោះហើយ។ ចំណែកសេចក្តីថ្លែងការណ៍នោះបាននិយាយទៀតថា «ការឈ្លានពាន និងសកម្មភាពអរិភាព» នឹងមានបន្ថែមទៀតដោយសារអ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួនស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ នឹងត្រូវប្រឈមមុខនឹង «វិធានការធ្ងន់ធ្ងរ និងកំទេចពួកគេលើសមុន»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា ការប្រយុទ្ធគ្នាជុំបច្ចុប្បន្នបានចប់ហើយ។ ប៉ុន្តែលោកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់ «ធ្វើខុស ហើយត្រឡប់មកវាយប្រហារយើងវិញ យើងនឹងឆ្លើយតបដោយកម្លាំងយោធាយ៉ាងចាស់ដៃវិញដែរ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ




