និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យបៀលប្រាយ
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យបៀលប្រាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យបៀលប្រាយ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងថ្ងៃនេះ រវាង និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យបៀលប្រាយ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹង និងការ អភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានលើកទ្បើងថាការធានារ៉ាប់រង គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពលក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។ ទីផ្សារធានារ៉ាប់រងកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តន៍ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រងមានវត្តមានសរុបចំនួន ៣៩ ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន ៦៥ ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ការណ៍នេះបានបង្ហាញថា តម្រូវការទីផ្សារការងារក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ទីផ្សារធានារ៉ាប់រងសម្រេចបានបុព្វលាភធានារ៉ាប់រងដុលប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណ ២,៨% ធៀបនឹងឆ្នាំ២០២៤។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានបន្តថាអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចសម្រេចបាន ១,១១% ខណៈដង់ស៊ីតេធានារ៉ាប់រង ២០,៩៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ទោះជា
យ៉ាងនេះក្តី បើធៀបទៅនឹងប្រទេសក្នុងតំបន់ និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅមានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យធានារ៉ាប់រងកម្ពុជា មានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនរួមមាន៖
កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះមូលធនមនុស្ស ក្នុង
វិស័យធានារ៉ាប់រង ដែលការណ៍នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធពិសេសគ្រឹះស្ថានឧត្តមសិក្សា។
ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំនិងដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាពិសេសដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបនឹងទទួលបានការការពារហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់សេវាធានារ៉ាប់រង៕




