ឯកឧត្តម ឈិន កេតនា ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន រៀបចំតុបតែង និងតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា

គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រប់ជាន់ថ្នាក់ រួមទាំងវិស័យឯកជន វត្តអារាម ត្រូវបានណែនាំឱ្យរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា ដើម្បីអោយព្រះរាជពិធីប្រព្រឹត្តទៅសមស្របតាមព្រះរាជបវេណីដ៏ថ្កើនថ្កាន។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ មានប្រសាសន៍ជម្រាបជូនពីកាលបរិច្ឆេទព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមសាឍ ឆ្នាំមមី អប្តស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខ ព្រមទាំងបានពិភាក្សាផ្លាស់ប្ដូរយោបល់និងធ្វើការបូកភារកិច្ចជូនដល់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីញាំង អោយព្រះរាជពិធីបុណ្យស្របតាមព្រះរាជប្បវេណីដ៏មហោឡារិក អធិកអធមជាទីបំផុត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាម ក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងមានតុបតែងលម្អដោយភ្លើងបំភ្លឺពណ៌ កំណាត់បូ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ព្រមទាំងណែនាំប្រជារាស្ត្រឱ្យលើកទង់ជាតិ តាមគេហដ្ឋាន ដើម្បីអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយឡែកសម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្ថរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងចុះសួរសុខទុក្ខជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ ប្រជារាស្ត្រ និងគ្រប់ព្រះរាជសកម្មភាពរបស់ព្រះអង្គ ក្នុងបុព្វហេតុជាតិ សាសនា និងប្រជារាស្រ្ត។ ផ្សព្វផ្សាយសារលិខិតថ្វាយព្រះពររបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានសំណូមពរដល់ ឯកឧត្ដម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ រាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាបនិងចាត់ចែងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។