គ្រោះរញ្ជួយដីដ៏កក្រើកកាលពីថ្ងៃច័ន្ទនាភាគខាងត្បូងហ្វីលីពីនគឺចំថ្ងៃចូលរៀនដំបូងរបស់សិស្សានុសិស្សនិងបង្ហូតទង់ជាតិឡើង ក្រោយពីវិស្សមកាល២ខែ! បណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជម្រក
ប្រជាជននៅទីក្រុង General Santos ត្រូវបានគេតម្លៃពីការខូចខាតដល់ផ្ទះសម្បែង និងអគាររបស់ពួកគេកាលពីថ្ងៃអង្គារនេះ បន្ទាប់ពីជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន។ គ្រោះរញ្ជួយដីដែលមានចំណុចកណ្តាលនៅតំបន់ Mindanao (មិនដាណាវ) ដែលជាកោះមានប្រជាជនរស់នៅច្រើនជាងគេទី២របស់ហ្វីលីពីន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ និងបានជម្លៀសមនុស្សជាង ៣ម៉ឺន២ពាន់នាក់។ មានតែមនុស្ស៤នាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាបាត់ខ្លួននៅក្នុងកំណត់ត្រាផ្លូវការនៅក្នុងខេត្តភាគខាងត្បូងជិតកន្លែងដែលដីរញ្ជួយកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារពួកគេកាលពីព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែការិយាល័យការពារជនស៊ីវិលបានទទួលស្គាល់ថាអគារជាច្រើនដែលដួលរលំ និងខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ត្រូវតែត្រួតពិនិត្យឲ្យបានហ្មត់ចត់ដើម្បីស្វែងរកអ្នករស់រានមានជីវិត ឬជនរងគ្រោះបន្ថែម។ លោក Rommel Jaresco ជាអ្នកស្រុកនៅ General Santos បាននិយាយថាផ្ទះជាន់លើរបស់គាត់ “បានដួលរាប” ខណៈដែលអគារបានរញ្ជួយ និងបង្ខំឱ្យក្រុមគ្រួសាររបស់ពួកគាត់រត់ចេញទៅខាងក្រៅយ៉ាងស្លន់ស្លោរដែរ។ រញ្ជួយដីបានបន្សល់ទុកនូវស្នាមដានបំផ្លិចបំផ្លាញ រួមទាំងនៅក្នុងទីក្រុង General Santos ដែលជាទីក្រុងឆ្នេរសមុទ្រដ៏រស់រវើកមួយមានប្រជាជនជាង៧០ម៉ឺននាក់ ដែលគេស្គាល់ថាជារដ្ឋធានីសំបូរធនធានត្រីធូណាជាងគេក្នុងប្រទេស ដែលយ៉ាងហោចណាស់មានមនុស្ស១៣នាក់បានស្លាប់នៅក្នុងអគារដួលរលំ និងដោយសារតែកម្ទេចកម្ទីធ្លាក់សង្កត់លើ។ យ៉ាងហោចណាស់មានមនុស្ស ១៨ នាក់បានស្លាប់នៅក្នុងខេត្ត Sarangani (សារាំងហ្កានី) ភាគច្រើនស្ថិតក្នុងស្ថានភាពរអិលបាក់ដីដែលបានកប់ផ្ទះនៅក្នុងទីក្រុង Glan នៃតំបន់ភ្នំ នេះបើយោងតាមលោក Rafaelito Alejandro មកពីការិយាល័យការពារជនស៊ីវិល។ ករណីមនុស្សស្លាប់ផ្សេងទៀតត្រូវបានរាយការណ៍នៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសមានដូចជាតំបន់ South Cotabato និង Davao Occidental និងនៅលើកោះ Balut ។ យោងតាមការវាយតម្លៃការខូចខាតដំបូងរបស់រដ្ឋាភិបាល គឺមានផ្ទះប្រហែលជា ២៥០០ខ្នង និងអគាររដ្ឋាភិបាល ព្រមទាំងទីកន្លែងចំនួន ១១៧ ត្រូវបានខូចខាតនៅក្នុងខេត្តជាច្រើនដែរ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិនៅ General Santos នៅតែបិទដដែលសម្រាប់ថ្ងៃទី២នេះ ដែលបង្ខំឱ្យលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៦៣ លើកលែងតែជើងហោះហើរដែលធ្វើដំណើរក្នុងបេសកកម្មមនុស្សធម៌ប៉ុណ្ណោះ។ អគារសាលារៀនសាធារណៈប្រហែលជា ៦០០០ នៅក្នុងខេត្តដែលរងគ្រោះដោយរញ្ជួយដី ត្រូវតែវាយតម្លៃមុនពេលអាចបន្តថ្នាក់រៀនឡើងវិញបាន។ គ្រោះរញ្ជួយដីបានវាយប្រហារនៅថ្ងៃដំបូងនៃការចូលថ្នាក់រៀនទូទាំងប្រទេសនៅហ្វីលីពីន បន្ទាប់ពីវិស្សមកាលរដូវក្តៅរយៈពេលពីរខែ ហើយមនុស្សជាច្រើនដែលបានរងរបួសគឺជាសិស្សវ័យក្មេងដែលបានប្រមូលផ្តុំគ្នាប្រកបដោយភាពរីករាយសម្រាប់ថ្ងៃចូលរៀនដំបូងរបស់ពួកគេ និងបង្ហូត ទង់ជាតិកាលពីពេលព្រឹកថ្ងៃច័ន្ទនោះដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ




