ឯកឧត្តម កឹម គុណវឌ្ឍន៍ បិទសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ បន្ទាប់ពីដំណើរការអស់រយៈពេល ២ថ្ងៃរួចមក អង្គសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន បានប្រារព្ធបិទនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានជម្រាបជូនថា ដំណើរការនៃអង្គសិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានសិក្ខាកាមចូលរួម ១១០រូប មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងព័ត៌មាន និងមានវាគ្មិនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកជំទាវ អគ្គលេខាធិការ បានជម្រាបជូនថា សិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងព័ត៌មាននាឱកាសនេះ ក្នុងគោលបំណងសំខាន់ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតួនាទីភារកិច្ច ការរៀបចំផែនការថវិកា ការកំណត់សូចនាករវាស់វែង ជាពិសេស យល់ច្បាស់
ពីវិសាលភាព សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកា របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលក្រសួងព័ត៌មាន នឹងត្រូវចាប់ផ្តើមអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅឆ្នាំ២០២៧ នាពេលខាងមុខនេះ ឱ្យស្របតាមទិសដៅការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់កញ្ចប់ថវិកាឱ្យចំគោលដៅ សន្សំសំចៃ និងមានប្រសិទ្ធភាព ហើយនេះគឺជាការត្រៀមលក្ខណៈក្នុងការវិវឌ្ឍខ្លួនពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិន ពេញលេញ ទៅជា អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញ ប្រកបដោយបញ្ញាញាណ ភាពជឿជាក់ និងប្រាកដប្រជា។
លោកជំទាវ ទេស ផល្លីន បានជម្រាបជូនដែរថា តាមរយៈអង្គសិក្ខាសាលានេះ វាគ្មិនមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញជូនពីសិទ្ធអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ក្នុងការរៀបចំថវិកា អនុវត្តថវិកា ដូចជាការរៀបចំធានាចំណាយនិងបោះផ្សាយអាណត្តិបើកប្រាក់ កិច្ចលទ្ធកម្មសាធារណៈ ការធ្វើ និយ័តភាព (ចលនាឥណទាន) ប្រតិបត្តិការចំណូល និងការពិនិត្យនិងតាមដានអនុវត្តថវិកាត្រូវគោរព តាមឥណទាន ថវិកា ដែលបាន វិភាជជូនតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់កម្មវិធីនៃមាតិកាថវិកា និងត្រូវអនុវត្ត ចំណាយស្របតាមកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស រួចត្រូវធានារាល់កិច្ចប្រតិបត្តិការចំណូល-ចំណាយ និងការគ្រប់គ្រងថវិកា ដោយអនុលោមតាមគោលការណ៍ និងស្របតាមនីតិវិធី ហិរញ្ញវត្ថុ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានថ្លែងថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាអទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល កម្ពុជា។ សម្រាប់ក្រសួងព័ត៌មាន ការឈានទៅអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ គឺជារបត់ថ្មីមួយដែលផ្តល់អំណាចហិរញ្ញវត្ថុទៅដល់អគ្គលេខាធិការដ្ឋាន និងបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន នៅឆ្នាំ២០២៧ នាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងសិទ្ធិអំណាចកាន់តែធំនេះ ក៏ទាមទារនូវគណនេយ្យភាព និងការទទួលខុសត្រូវកាន់តែខ្ពស់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចំណេះដឹង និងជំនាញដែលសិក្ខាកាមទាំងអស់ទទួលបានពីសិក្ខាសាលានេះ មិនមែនគ្រាន់តែជាទ្រឹស្តីនោះទេ ប៉ុន្តែវាជាឧបករណ៍បច្ចេកទេសដ៏សំខាន់ក្នុងការធានាថា៖ ការរៀបចំផែនការថវិការបស់យើង ត្រូវតែដើរទន្ទឹមគ្នានឹង សូចនាករសមិទ្ធកម្មច្បាស់លាស់ មិនមែនធ្វើឡើងតាមទម្លាប់នោះឡើយ ។ រាល់នីតិវិធីនៃការចំណាយ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព និងអោយស្របតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ។
នៅក្នុងឱកាសបិទអង្គសិក្ខាសាលានេះដែរ ឯកឧត្តម កឹម គុណវឌ្ឍន៍ សូមណែនាំដល់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា ដែលត្រូវអនុវត្តជាប្រធានអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញក្នុងឆ្នាំ២០២៧ នាពេលឆាប់ៗខាងមុននេះ សូមត្រៀមរៀបចំមន្ត្រីជំនាញសម្រាប់អនុវត្តការងារហិរញ្ញវត្ថុមួយចំនួនដូចជា៖
– មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុ (គ្រប់គ្រងការងារចំណូល-ចំណាយ ការងារទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តការងារផ្សេងៗអោយស្របតាមនីតិវិធីហិរញ្ញវត្ថុ) ; រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង រជ្ជទេយ្យករចំណូល និងរជ្ជទេយ្យករចំណូលរង; ភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស
និងក្រុមការងារលទ្ធកម្មសាធារណៈ ៕




