ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការ ILO នៅក្នុងសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅប្រទេសស្វ៊ីស
(ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Gilbert F. Houngbo អគ្គនាយកនៃអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងពេលកិច្ចប្រជុំនៃសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងកំពុងអនុវត្ត ក៏ដូចជាពិភាក្សាពីទំនើបកម្ម TVET ព្រមទាំងកិច្ចគាំពារកម្មករនិយោជិត និងពលករកម្ពុជា។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃភាពជាដៃគូដ៏យូរអង្វែងប្រកបដោយចីរភាពរវាងអង្គការ ILO និងប្រទេសកម្ពុជា ដោយឯកឧត្តមបានលើកឡើងពីវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ រួមមាន៖ កម្មវិធីការងារសមរម្យប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-Better Factories Cambodia) កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ៣ (DEY III) និងគម្រោងកាតាលីករសកល (Global Accelerator-GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។
ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីរបស់កម្ពុជាចំពោះការអនុវត្ត កម្មវិធីការងារសមរម្យប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ (DWCP) ដែលជាកម្មវិធីគោលនយោបាយស្នូលមួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គម្រោង ILO-BFC គឺជាសក្ខីកម្ម នៃការចូលរួមរបស់កម្ពុជាជាមួយបទដ្ឋានអន្តរជាតិការងារ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដោយឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីស្ថានភាពរបស់កម្ពុជា ដែលជាប្រទេសត្រួសត្រាយផ្លូវ (Pathfinder Country) ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី៨ ស្តីពីការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។ ឯកឧត្តម ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់ឯកឧត្តមអគ្គនាយក ក្នុងការបំពេញបេសកកម្ម និងអាណត្តិរបស់អង្គការ ILO ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ នៃអនាគតការងារ។
ជាការឆ្លើយតបឯកឧត្តម Gilbert F. Houngbo បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏សកម្មរវាងកម្ពុជា និងអង្គការ ILO ដោយឯកឧត្តមបានកត់សម្គាល់ពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសការលើកកម្ពស់ការងារសមរម្យ ការគាំពារសង្គម ការអភិវឌ្ឍជំនាញ និងកិច្ចសន្ទនាសង្គមជាដើម។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ នៃគំនិតផ្តួចផ្តើម កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ហើយបានបញ្ជាក់ពីការបន្តគាំទ្ររបស់ ILO ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី ៨ ស្តីពីការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកម្ពុជា និង ILO ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៃអនាគតការងារ ការផ្លាស់ប្តូរបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការប្រែប្រួលអាកាសធាតុ និងការធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តម ហេង សួរ កំពុងដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះចាប់ផ្តើមពីថ្ងៃទី១ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូត្រីភាគីនៃរដ្ឋសមាជិក រួមមានតំណាងរដ្ឋាភិបាល, តំណាងនិយោជក, និងតំណាងកម្មករនិយោជិត ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត៕




