ឯកឧត្តម ង៉ឺយ ធឿន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះ បណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ២៥៣នាក់

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ង៉ឺយ ធឿន នាយកស្តីទីនៃសាលាភូមិន្ទរដ្ឋបាល និងជាតំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធា រណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានវត្តមានអ្នកចូលរួមសរុបប្រមាណ ២៥៣នាក់ (ស្រី៧៩នាក់)។

ក្នុងពិធី ឯកឧត្តម ង៉ឺយ ធឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ លោក ពេជ្រ ចន្ទ័បណ្ឌិត អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាវាគ្មិនកិត្តិយស ព្រមទាំងតំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងអស់ ដែលបានអញ្ជើញមកចែករំលែកចំណេះដឹង និងបទពិសោធដ៏មានតម្លៃជូនដល់អង្គពិធី នាថ្ងៃនេះ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា វគ្គបណ្តុះបណ្តាល និងកម្មវិធីចែករំលែកនានា គឺជាកម្មវិធីសិក្សាមួយដ៏សំខាន់របស់សាលា ដែលកម្មវិធីនេះអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់ក្រសួង ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ មកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធ ប្រកបដោយឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងប្រធានបទនីមួយៗ ជូនដល់សិស្សមន្ត្រី កម្មសិក្សាការី និងមន្ត្រីរាជការរបស់សាលា។ ហើយ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ យើងទាំងអស់គ្នានឹងទទួលបាននូវការ ចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងប្រធានបទមួយថ្មី និងដ៏មានសារៈសំខាន់គឺ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងផ្តោតសំខាន់លើគោលការណ៍ច្បាប់ បែបបទនិងនីតិវិធីនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងការប្រើប្រាស់ភ្លើងសញ្ញា ស្លាក សញ្ញា គំនូសសញ្ញាចរាចរណ៍ និងវិធានការសុវត្ថិភាពនានា ពីវាគ្មិនកិត្តិយស។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ង៉ឺយ ធឿន សង្ឃឹមយ៉ាងមុត មាំថា មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការីដែលមានវត្តមាននៅក្នុងថ្ងៃនេះ នឹងយកចិត្តទុកដាក់ក្នុងសិក្សាស្វែងយល់លើប្រធានបទដ៏មានសារសំខាន់នេះឱ្យបានស៊ីជម្រៅ និងយកទៅប្រើប្រាស់ជាឧត្តមប្រយោជន៍ និងប្រកបដោយភាពត្រឹម ត្រូវនិងសុវត្ថិភាព នៅក្នុងការធ្វើដំណើរប្រចាំថ្ងៃ ដើម្បីចៀស វាងពីគ្រោះថ្នាក់ចរាចរណ៍ ដែលនឹងបង្កប៉ះពាល់ដល់អាយុជីវិតរបស់ខ្លួនឯង និងអ្នកដទៃ។

នៅក្នុងឱកាសនេះដែរ លោក ពេជ្រ ចន្ទ័បណ្ឌិត អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារ ណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញស្តីពី៖
– បទដ្ឋានសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
– ភ្លើងសញ្ញាចរាចរណ៍សំខាន់ៗ
– ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ
– គំនូសសញ្ញាចរាចរណ៍សំខាន់ៗ
– សិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ
– សុវត្ថិភាពក្នុងការបើកបរយានយន្ត។

គូសបញ្ជាក់ថា បច្ចុប្បន្នអត្រាអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គមកម្ពុជា មានអត្រាខ្ពស់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះ គ្រោះថ្នាក់ទាំងនេះបង្កឡើងចេញពីការបើកបរ ដោយមិនប្រុងប្រយ័ត្ន ការបើកបរក្នុងស្ថានភាពស្រវឹង ការបំពានភ្លើងសញ្ញានិងស្លាកសញ្ញា និងការមិនគោរពច្បាប់ចរាចរណ៍ជាដើម។ អាស្រ័យ ហេតុនេះ ប្រធានបទនាថ្ងៃនេះពិតជាមានសារសំខាន់ និងចាំ បាច់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីយល់ដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ៕