សំណល់ក្បាលគ្រាប់មីស៊ីលធ្លាក់ចូលវាលស្រែក្បែរក្រុងដាម៉ាស់ បន្ទាប់ពីសកម្មភាពបាញ់តបតគ្នាជាលើកដំបូងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់! ទោះបីជាស្ថិតក្នុងបទឈប់បាញ់ក្តី
មីស៊ីលមួយគ្រាប់ត្រូវបានធ្លាក់កប់ចូលផ្នែកខ្លះនៅក្នុងវាលស្រែមួយនៅជាយក្រុងដាម៉ាសកាលពីថ្ងៃចន្ទនេះ ដែលហ៊ុំព័ទ្ធដោយដីឆាបឆេះយ៉ាងទ្រលោម បន្ទាប់ពីសកម្មភាពបាញ់តបតគ្នាពេញមួយយប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ និងបានបញ្ជូនសំណល់គ្រាប់ផ្លោងឆ្លងកាត់តំបន់នេះ។ យោងតាមម្ចាស់វាលស្រែ លោក Mahmoud Ataya បានឲ្យដឹងថាផលប៉ះពាល់នៃមីស៊ីលបាញ់ផ្លោងរបស់ភាគីទាំងពីរបានបន្សល់ទុកនូវសភាពដីស្រែឡើងខ្មៅងងឹតមួយកន្លែង បន្ទាប់ពីធ្លាក់ចុះនិងមានភ្លើងឆាបឆេះ។ លោកបាននិយាយថា អ្នកស្រុកបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅវេលាពេលយប់ ប៉ុន្តែមិនបានដឹងភ្លាមៗទេថាតើមានអ្វីកើតឡើងនោះ។ នៅពេលដែលពួកគេទៅពន្លត់ភ្លើង ពួកគេបានរកឃើញនូវសំណល់គ្រាប់មីស៊ីលពាក់កណ្តាលលិបចូលទៅក្នុងដី។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់បានបាញ់តបតគ្នាកាលពីព្រលឹមថ្ងៃចន្ទ ក្នុងគោលបំណងសងសឹកគ្នា ដែលជាការគំរាមកំហែងអូសទាញតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំជាងមុន។ សកម្មភាពបាញ់តបតគ្នានេះ កើតឡើងថាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី០៨ខែមេសាត្រូវបានសម្រេច។ ក្រោយមក ស៊ីរីបានបិទដែនអាកាសភាគខាងត្បូងរបស់ខ្លួន និងផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិដាម៉ាស។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ស៊ីរីបាននិយាយថា ការផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិដាម៉ាសនឹងមានរយៈពេលរហូតដល់ម៉ោង ១១ យប់ កាលពីម្សិលមិញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសស៊ីរីបានរាយការណ៍ពីករណីផ្ទុះនៅលើផ្ទៃមេឃនៃទីក្រុងដាម៉ាស ដោយពួកគេសន្មតថាជារបស់ក្រុមការពារដែនអាកាសអ៊ីស្រាអែល ដែលបានស្ទាក់ចាប់មីស៊ីលបាញ់ចេញពីប្រទេសអ៊ីរ៉ង់។ ស្របពេលដែលប្រទេសស៊ីរីមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការផ្លាស់ប្តូរចុងក្រោយនេះ មីស៊ីល និងឧបករណ៍ស្ទាក់ចាប់ដែលឆ្លងកាត់តំបន់នេះបាននាំមកនូវជម្លោះម្តងទៀតដល់ដែនផ្ទៃមេឃក្នុងប្រទេស ដោយកម្ទេចកម្ទី និងសំណល់មិនទាន់ផ្ទុះបង្កជាហានិភ័យដល់ជនស៊ីវិលដែលប្រកបរកស៊ីនៅលើដីថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ




