ទូកដឹកជញ្ជូនជនអន្តោប្រវេសន៍៦០នាក់បានក្រឡាប់នៅលើសមុទ្រមេឌីទែរ៉ាជិតប្រទេសម៉ាល់តា និងរកឃើញសពមនុស្ស១០នាក់ បាត់ខ្លួនម្នាក់
ទូកមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍រាប់សិបនាក់ដែលព្យាយាមឆ្លងកាត់សមុទ្រពីទ្វីបអាហ្វ្រិកទៅកាន់ទ្វីបអឺរ៉ុបត្រូវបានគេរាយការណ៍ថាបានក្រឡាប់នៅលើសមុទ្រមេឌីទែរ៉ាណេកណ្តាល។ ហេតុការណ៍នេះបានកើតឡើងក្នុងចំងាយប្រហែលជា ៤៥ ម៉ាយល៍ នៃតំបន់សមុទ្រភាគអាគ្នេយ៍ប្រទេសម៉ាល់តា នេះបើយោងតាមឆ្មាំសមុទ្រអ៊ីតាលីបាននិយាយនៅក្នុងកំណត់ហេតុមួយទៅកាន់អ្នកសារព័ត៌មាន។ ឆ្មាំសមុទ្រអ៊ីតាលីបាននិយាយទៀតថា នាវាស្វែងរក និងជួយសង្គ្រោះមួយគ្រឿងរបស់ពួកគេត្រូវបានបញ្ជូនទៅជួយពួកគេក្នុងប្រតិបត្តិការបន្ទាន់មួយ បន្ទាប់ពីត្រូវបានស្នើសុំដោយអាជ្ញាធរប្រទេសម៉ាល់តាដោយផ្ទាល់។ ទូកដែលបានក្រឡាប់នោះកំពុងដឹកអ្នកដំណើរប្រហែល ៦០នាក់ ហើយវាបានចេញដំណើរចេញពីច្រាំងសមុទ្រលីប៊ី។ នាវានេសាទមួយគ្រឿងនៅក្នុងតំបន់នោះបានរកឃើញមនុស្ស ៤៨នាក់។ ចំណែកយន្តហោះមួយគ្រឿងទៀតរបស់អង្គការមិនមែនរដ្ឋាភិបាលដែលបានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេក៏បាននិយាយផងដែរថា ជនអន្តោប្រវេសន៍បានចាកចេញពីប្រទេសលីប៊ី ហើយបានបញ្ជាក់ពីចំនួនជនអន្តោប្រវេសន៍ដូចគ្នា ដោយមិនបានផ្តល់ប្រភពច្បាស់លាស់របស់ពួកគេនោះទេ។ ស្ថាប័ន SeaWatch បាននិយាយថា មានជនអន្តោប្រវេសន៍ ១១នាក់បាត់ខ្លួន អំឡុងពេលដែលឆ្មាំសមុទ្រអ៊ីតាលី និយាយថា ពួកគេបានរកឃើញសពមនុស្ស១០នាក់ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅតែបន្តដដែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ





