លោក Kim Jung Un បានសង្កត់ធ្ងន់ថាការបង្រួបបង្រួមយុគសម័យថ្មីនៃមិត្តភាពចិន-កូរ៉េខាងជើង ជាជម្រើសផ្នែកយុទ្ធសាស្ត្រដែលមិនអាចផ្លាស់ប្តូរបាន
ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬ ប្រទេសកូរ៉េខាងជើង លោក Kim JunUn បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ពិភពលោកាលពីថ្ងៃចន្ទនេះ ខណៈដែលលោកប្រធានាធិបតី Xi បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវឥទ្ធិពលពិសេសរបស់ទីក្រុងប៉េកាំងលើប្រទេសជិតខាងនៃសម័យសង្គមនិយមរបស់ខ្លួនដែរ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ លោក Xi បានបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមានទាំងវិស័យពាណិជ្ជកម្ម កសិកម្ម សំណង់ និងបច្ចេកវិទ្យា នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋចិន CCTV។ លោក Xi បាននិយាយថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងកិច្ចការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរៀងៗខ្លួន នេះបើយោងតាមរបាយការណ៍ផ្លូវការ។ ចំណែកលោក Kim JungUn វិញបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Xi បានបង្ហាញយ៉ាងច្បាស់ពីភាពមិនអាចបំបែកបាននោះទេសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង-ចិន។ CCTV បាននិយាយទៀតថា លោក Kim ក៏បានបញ្ជាក់បន្ថែមចំពោះការបង្រួបបង្រួមយុគសម័យថ្មីនៃមិត្តភាពរវាងប្រទេសទាំងពីរគឺជា “ជម្រើសផ្នែកយុទ្ធសាស្ត្រដែលមិនអាចផ្លាស់ប្តូររបស់ប្រទេសកូរ៉េខាងជើងនោះទេ។ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតពេញលេញនៃកិច្ចប្រជុំនេះមិនអាចបញ្ចេញជាសាធារណៈនោះទេ។ ប៉ុន្តែអ្នកជំនាញការបរទេសបានព្យាករណ៍ថា កិច្ចប្រជុំនេះនឹងមានផលវិបាកយ៉ាងធំធេងលើទំនាក់ទំនងទ្វេភាគី និងលើសពីនេះទៀត ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការស្តារសម្ព័ន្ធភាពបែបប្រពៃណីរបស់ពួកគេឡើងវិញយ៉ាងពេញលេញ នៅចំពោះមុខការប្រឈមមុខដាក់គ្នាដាច់ដោយឡែកពីគ្នាជាមួយសហរដ្ឋអាមេរិក។ លោក Xi និងលោក Kim ធ្លាប់បានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងក្នុងខែកញ្ញា ឆ្នាំទៅ បន្ទាប់ពីបានទស្សនាក្បួនដង្ហែរយោធាមួយ រួមគ្នាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំបរទេសដទៃទៀតដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ




