អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ជូនជនអនាថា និងជនវិបល្លាសស្មារតី

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារនៃអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយ និងសម្ភារឧបត្ថម្ភចាំបាច់មួយចំនួន ទៅចែកជូនដល់បងប្អូនជាជនអនាថា និងជនវិបល្លាសស្មារតី ដែលកំពុងស្នាក់នៅអាគារស្នាក់នៅបណ្តោះអាសន្ន នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ អំណោយដែលត្រូវបាននាំយកទៅប្រគល់ជូនរួមមាន៖ នំចំនួន ១០០ កញ្ចប់ (ស្មើនឹង ២០០ នំ) ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លាពី លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ រួមជាមួយ លោកស្រី អេង គីមជូ អាជីវករបោះដុំគ្រឿងសមុទ្រ។ សាប៊ូដុសខ្លួន ២០០ ដុំ និងសាប៊ូម្សៅ ១០០កញ្ចប់ ជាការឧបត្ថម្ភពី លោក លឹម ផេង អាជីវករបោះដុំគ្រឿងក្រអូប។

ការចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភនាពេលនេះ មិនត្រឹមតែជួយសម្រាលដល់ការហូបចុក និងអនាម័យប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងស្នាក់នៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងទឹកចិត្តអាណិតស្រឡាញ់ មិនបោះបង់នរណាម្នាក់ចោលឡើយ។

តំណាងក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងសកម្មភាពសង្គមដ៏វិសេសវិសាលនេះ និងសូមជូនពរឱ្យលោកជំទាវ លោកស្រី និងលោក ជួបតែសេចក្តីសុខចម្រើន និងជោគជ័យក្នុងគ្រប់ភារកិច្ច និងអាជីវកម្ម។

សូមជម្រាបជូនផងដែរថា សកម្មភាពទាំងនេះមិនមែនជាលើកទី១ទេ ដែលអនុសាខាសមាគមហន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងព្រះសីហនុ  តែងតែចុះសំណេះសំណាល សួរសុខទុក្ខជាមួយជនវិបល្លាសស្មារតី ជនអនាថា ក៏ដូចជាប្រជាពលរដ្ឋ ជនចាស់ជរា ក្រីក្រ និងស្រ្តីសំរាលកូនដែលកំពុងជួបការលំបាក។

អត្ថបទ:ម៉ារ៉ាឌី