លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះពិនិត្យសង្វាក់ផលិតកម្មកែច្នៃគ្រឿងសមុទ្រ និងលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនៅស្រុកស្ទឹងហាវ

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង ប្រធានសាខាសមាគមនារីខេត្ត រួមជាមួយលោកអភិបាលស្រុកស្ទឹងហាវ ព្រមទាំងសមាជិកា បានអញ្ជើញចុះសិក្សាស្វែងយល់ដោយផ្ទាល់ នៅទីតាំងកែច្នៃគ្រឿងសមុទ្ររបស់សហគមន៍ស្ត្រី ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សកម្មភាពចុះពិនិត្យនាឱកាសនោះ គឺដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ សង្វាក់ផលិតកម្ម និងការរៀបចំអនាម័យក្នុងការកែច្នៃគ្រឿងសមុទ្រស្ងួត មានដូចជា បង្គាក្រៀម និងត្រីងៀតជាដើម ដែលជាផលិតផលស្នាដៃពិតៗរបស់ស្រ្តីនៅក្នុងសហគមន៍ផ្ទាល់។ ការចុះសួរសុខទុក្ខនេះ ក៏ជាការផ្តល់កម្លាំងចិត្ត និងជំរុញលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការបង្កើតមុខរបរ បង្កើតចំណូលសេដ្ឋកិច្ចគ្រួសារ និងការចូលរួមអភិវឌ្ឍន៍សហគមន៍នេសាទឱ្យកាន់តែមានភាពរីកចម្រើន។

ផលិតផលរបស់សហគមន៍ស្ត្រីស្រុកស្ទឹងហាវ ត្រូវបានវាយតម្លៃខ្ពស់លើគុណភាព រសជាតិ និងការវេចខ្ចប់ប្រកបដោយអនាម័យខ្ពស់ មិនប្រើប្រាស់សារធាតុគីមី ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំសមាគមនារីខេត្ត ក៏បានបន្តលើកទឹកចិត្តដល់សហគមន៍ឱ្យរក្សា និងពង្រឹងគុណភាពផលិតផលបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទាំងក្នុងខេត្តព្រះសីហនុ និងការនាំចេញទៅកាន់បណ្តារាជធានី-ខេត្តនានា។

 

អត្ថបទ : ម៉ារ៉ាឌី