លោកជំទាវ ជា ស៊ុនដាណែត ៖ ការប្រគល់សិទ្ធិជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ មកដល់បណ្តាអគ្គនាយកដ្ឋាន របស់ក្រសួងព័ត៌មាន គឺជាជំហានគន្លឹះមួយក្នុងការបង្កើនភាពម្ចាស់ការ ភាពបត់បែន និងពន្លឿនការអនុវត្ត ការងារឱ្យទាន់ពេលវេលា,
ទោះយ៉ាងណាក៏ដោយ សិទ្ធិអំណាចកាន់តែធំ ត្រូវធានាថា រាល់កញ្ចប់ថវិកាជាតិ ដែលបានទម្លាក់មកត្រូវតែប្រើប្រាស់ដោយការទទួលខុសត្រូវនិងគណនេយ្យភាពកាន់តែខ្ពស់ ចំគោលដៅ មានតម្លាភាព សន្សំសំចៃ និងបង្កើតបានជាសមិទ្ធផលការងារជាក់ស្តែងជូនជាតិ និងប្រជាជនកម្ពុជា។
នេះជាការបញ្ជាក់របស់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ដោយមានការចូលរួមពីបណ្ដាអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងព័ត៌មាន និងមានវាគ្មិនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកជំទាវ ជា ស៊ុនដាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៧ ក្រសួងព័ត៌មាន នឹងចាប់ផ្តើមអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញដែលទាមទារឱ្យយល់ពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីក្នុងការអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។ កន្លងមកក្រសួងព័ត៌មានបានអនុវត្តនូវអង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិមិនពេញលេញ ដែលរាល់ការចំណាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងការសម្រេចដោយអាណាប័កដើមខ្សែ តាមរយៈអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ប៉ុន្តែចាប់ពីឆ្នាំ២០២៧ទៅ ក្រសួងនឹងចាប់ផ្តើម អនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ គឺអាណាប័កដើមខ្សែបានប្រគល់សិទ្ធិអំណាចពេញលេញក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូល-ចំណាយថវិការបស់អង្គភាពនីមួយៗ ដោយមិនតម្រូវឱ្យឆ្លងកាត់អង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង និងការពិនិត្យសម្រេច ពីអាណាប័កដើមខ្សែឡើយ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន បានរម្លឹកឡើងវិញថា
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាជំហានៗឱ្យទៅជាប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និងឧត្តរមានុវត្តអន្តរជាតិតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ដែលជាកម្មវិធីមានលក្ខណៈគ្រប់ជ្រុងជ្រោយមានរយៈពេលវែង, និងអនុវត្តតាមអភិក្រម៤ ដំណាក់កាលដោយនៅដំណាក់កាលទី១៖ ដំណាក់កាលនៃការបង្កើតភាពជឿជាក់ទុកចិត្តលើថវិកា; ទី២ ដំណាក់កាលនៃការបង្កើនគណនេយ្យ ហិរញ្ញវត្ថុ ; ទី៣ ដំណាក់កាលនៃការបង្កើនការផ្សះផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ; ទី៤ ដំណាក់កាលនៃការបង្កើនគណនេយ្យភាពចំពោះសមិទ្ធិកម្ម ។
លោកជំទាវ បានបញ្ជាក់ថា បច្ចុប្បន្នការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី ៤ ដែលត្រូវផ្តោតសំខាន់លើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងផ្តោតសំខាន់ទៅលើគណនេយ្យភាពសមិទ្ធកម្ម។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០១៨ ក្នុងគោលដៅកែទម្រង់ប្រព័ន្ធថវិកាបណ្តើរៗឆ្ពោះទៅថវិកាព័ត៌មានសមិទ្ធកម្ម ជាគំរូដែលកម្ពុជាសម្រេចជ្រើសយក និងត្រូវបានហៅកាត់ថា ថវិកាសមិទ្ធកម្ម ក្នុងគោលបំណងកសាងប្រព័ន្ធថវិកាជាតិមួយ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ៕




