រដ្ឋមន្រ្តីសុខាភិបាល៖ «ការតម្កល់ខ្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋ គឺជាបេសកកម្មរបស់សុខាភិបាល ដែលកម្លាំងស្មារតីមន្រ្តីសុខាភិបាលទាំងមូល បាននិងបន្តខិតខំយ៉ាងសកម្ម។ ដូច្នេះ យើងត្រូវបន្តពង្រឹងសមត្ថភាពខ្លួនយើងជាប់ជាប្រចាំ ដើម្បីបម្រើជូនប្រជាពលរដ្ឋគ្រប់រូប ឱ្យទទួលបានការការពារសុខភាព ការជួយសង្រ្គោះអាយុជីវិត ការថែទាំព្យាបាល ឲ្យអស់ពីសមត្ថភាពរបស់យើង»។
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរួមជាមួយ លោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពីវឌ្ឍនភាពនៃការតាមដាន និងឆ្លើយតបទៅនឹងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦។
សន្និសីទថ្ងៃនេះ ជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីដំណើររបស់ប្រព័ន្ធសុខាភិបាលកម្ពុជា លើផ្នែកបង្ការ និងទប់ស្កាត់ជំងឺឆ្លងជាពិសេសជំងឺឆ្លងតាមផ្លូវដង្ហើម។ សមិទ្ធផល ដែលនឹងលើកយកមកបង្ហាញនាពេលនេះ បានកើតចេញមកពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ជាពិសេសរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងការពារនៃសហរដ្ឋអាម៉េរិក។
ការពិនិត្យឡើងវិញលើសមិទ្ធផល ដែលទទួលបានកន្លងមក ជាឱកាសដ៏មានតម្លៃ ក្នុងការឆ្លុះបញ្ចាំង ដើម្បីស្វែងយល់ពីកត្តាប្រឈម និងការកំណត់ទិសដៅ សម្រាប់ការអង្កេតតាមដាន និងត្រៀមខ្លួនឆ្លើយតបទៅនឹងជំងឺផ្តាសាយ ក៏ដូចជាមេរោគផ្លូវដង្ហើមដទៃទៀត ដែលនឹងអាចបង្កការរាតត្បាតក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀត នៅក្នុងតំបន់ និងនៅលើសកលលោក។ នៅក្នុងក្របខណ្ឌជីវៈសន្តិសុខពិភពលោក ពុំមានប្រទេសណាមួយដែលអាចគេចផុតពីការផ្ទុះជំងឺឆ្លងទេ បើសិនជាជំងឺឆ្លងកំពុងរាតត្បាតនៅក្នុងប្រទេសផ្សេងៗទៀតនោះ។ ការផ្ទុះជំងឺកូវីដ-១៩
ជាឧទាហរណ៍ថ្មីបំផុត ដែលយើងបានជួប និងឆ្លងកាត់ការរាតត្បាតនេះ ដោយផ្ទាល់ និងទទួលរង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាពផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។
ដើម្បីទប់ស្កាត់ និងបង្ការជំងឺឆ្លង ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ US-CDC បានបង្កើតប្រព័ន្ធតាមដានជំងឺផ្តាសាយ ហើយបានកែសម្រួលប្រព័ន្ធនេះជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃមេរោគដែលកើតថ្មី និងមេរោគដែលរាតត្បាតឡើងវិញ។ ជាលទ្ធផល ប្រទេសកម្ពុជាបានក្លាយទៅជាតួអង្គសំខាន់មួយ នៃយន្តការរបស់អង្គការសុខភាពពិភពលោក ដោយកម្ពុជាតែងតែស្វែងរកវត្តមាននៃភ្នាក់ងារចម្លងរោគ កំណត់អត្តសញ្ញាណមេរោគ និងចែករំលែកព័ត៌មាន ជាមួយអង្គការសុខភាពពិភពលោក ដើម្បីជាប្រយោជន៍នៅក្នុងការងារទប់ស្កាត់ និងបង្ការជំងឺឆ្លង។
បច្ចុប្បន្ននេះប្រព័ន្ធតាមដានជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមរបស់កម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួន សមត្ថភាពធ្វើរោគវិនិច្ឆ័យម៉ូលេគុល និងការធ្វើតេស្តលើហ្សែន (Genomic sequencing) និងមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកាន់តែប្រសើរ។ បទពិសោធន៍កន្លងមកបានបង្ហាញយ៉ាងច្បាស់ថា នៅពេលដែលយើងមានប្រព័ន្ធតាមដានជំងឺដ៏រឹងមាំ គឺអាចជួយសង្គ្រោះអាយុជីវិតមនុស្ស ការពារសហគមន៍ ពង្រឹងសន្តិសុខសុខភាព និងគាំទ្រការអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ជំងឺធ្ងន់ធ្ងរមានច្រើន តែជំងឺដែលកាចសហាវលឿនជាងគេប្រៀបដូចខ្យល់ គឺជាជំងឺផ្លូវដង្ហើម។ ដើម្បីចូលរួមក្នុងការពង្រឹងប្រព័ន្ធតាមដានជំងឺ និងមេរោគផ្លូវដង្ហើម ឱ្យកាន់តែមានស័ក្តិសិទ្ធភាព ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
១) វិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវបន្តពង្រីក និងធ្វើទំនើបកម្មសមត្ថភាពមន្ទីរពិសោធន៍ជាបន្ត ដើម្បីរកឱ្យឃើញនូវមេរោគរាតត្បាតថ្មីៗ និងតាមដានការប្រែប្រួលរបស់វីរុស ឱ្យបានទាន់ពេលវេលា។
២) នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបង្កើនគុណភាពទិន្នន័យរបស់ប្រព័ន្ធតាមដាន ដើម្បីចែករំលែកព័ត៌មានឆាប់រហ័ស ការវិភាគទិន្នន័យកាន់តែលឿន និងឆ្លើយតបទាន់ពេលវេលា។
៣) ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលបន្ត ដើម្បីធានាថា យេីងមានកម្លាំងមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀម និងឆ្លើយតបការគំរាមកំហែងសុខភាពជាយថាហេតុនៅពេលអនាគត។
៤) លើកកម្ពស់កិច្ចសហការតាមគោលការណ៍សុខភាពតែមួយ (One Health)។ ការរួមគ្នា
អនុវត្តគោលការណ៍សុខភាពតែមួយ គឺជាគន្លឹះ
ដ៏សំខាន់សម្រាប់ការការពារសុខភាពមនុស្ស សត្វ និងបរិស្ថានរបស់យើងទាំងអស់គ្នា។
៥) ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ព្រមទាំងបណ្តាញអ្នកវិទ្យាសាស្ត្រពិភពលោក ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ និងបច្ចេកវិទ្យា ក្នុងការពង្រឹងសន្តិសុខសុខភាពសកល។




