លោកជំទាវ ជា ស៊ុនដាណែត បើកសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន

ភ្នំពេញ៖ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ដោយមានការចូលរួមពីបណ្ដាអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងព័ត៌មាន និងមានវាគ្មិនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានជម្រាបជូនថា សិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណង ផ្តល់ចំណេះដឹងលើបច្ចេកទេសរៀបចំ និងអនុវត្តផែនការថវិកាក្នុងការផ្សារភ្ជាប់ផែនការ សកម្មភាពទៅនឹងថវិកា ការរៀបចំថវិកាផ្អែកលើលទ្ធផលដែលមានន័យថា រាល់ការស្នើសុំកញ្ចប់ថវិកាទាំងអស់ ត្រូវតែមានការគណនាច្បាស់លាស់ និងឆ្លើយតបទៅនឹងសូចនាករសមិទ្ធកម្ម នៃផែនការសកម្មភាពរបស់អង្គភាព និងការគ្រប់គ្រងហានិភ័យនិងការបត់បែន ដើម្បីទទួលបានយុទ្ធសាស្ត្រក្នុងការអនុវត្តថវិកាប្រកបដោយ ភាពបត់បែន ឆ្លាតវៃ របៀបគ្រប់គ្រងហានិភ័យនានា និងធានាថាការចំណាយមានតម្លាភាព គណនេយ្យភាព និងសន្សំសំចៃ។

ទន្ទឹមនេះសិក្ខាកាមដែលចូលរួម នឹងទទួលបានការយល់ដឹងកាន់តែច្បាស់ពីតួនាទី និងការទទួលខុសត្រូវយល់ច្បាស់ពីអត្ថន័យ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលមិនត្រឹមតែជាការផ្តល់សិទ្ធិអំណាចក្នុងការសម្រេចចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែវាបានមកជាមួយនូវការបង្កើនគណនេយ្យភាពកាន់តែខ្ពស់ និងការទទួលខុសត្រូវខ្ពស់ជាងមុន ក្នុងការគ្រប់គ្រង និងប្រើប្រាស់កញ្ចប់ថវិកាឱ្យចំគោលដៅ និងភាពម្ចាស់ការលើការងារកាន់តែខ្លាំងក្នុងការ បែងចែក និងប្រើប្រាស់ថវិកាឱ្យស្របទៅតាមតម្រូវការជាក់ស្តែង និងអាទិភាពរបស់អង្គភាពខ្លួនដោយកាត់បន្ថយ នីតិវិធីស្មុគស្មាញមួយចំនួន។

លោកជំទាវ ទេស ផល្លីន បានបញ្ជាក់ជូនដែរថា អង្គភាពថវិកា គឺជាអង្គភាពដែលបានទទួលអាណត្តិកិច្ចច្បាស់លាស់ក្នុងការអនុវត្តសកម្មភាព ការងារដើម្បីបង្កើនបានលទ្ធផលជាក់លាក់ អាចវាស់វែងបាន និងរួមចំណែកក្នុងការសម្រេចគោលបំណង គោលនយោបាយក្រសួង-ស្ថាប័ន។ អង្គភាពថវិកាអាចជាអគ្គនាយកដ្ឋាន ឬអង្គភាពដែលមានថ្នាក់ស្មើ ឬកម្រិត ប្រហាក់ប្រហែលអគ្គនាយកដ្ឋានឬនាយកដ្ឋានហើយមានរចនាសម្ព័ន្ធច្បាស់លាស់ ព្រមទាំងមានទំហំការងារ ចំនួនបុគ្គលិក និងទំហំថវិកាសមស្រប។

ឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្តីពីការរៀបចំផែនការថវិកា និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធផលខ្ពស់។

លោកជំទាវ ជា ស៊ុនដាណែត មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាជំហានៗឱ្យទៅជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និងឧត្តរមានុវត្តអន្តរជាតិតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ដែលជាកម្មវិធីមានលក្ខណៈគ្រប់ជ្រុងជ្រោយមានរយៈពេលវែង និងអនុវត្តតាមអភិក្រម ៤ដំណាក់កាល។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៧ ក្រសួងព័ត៌មាននឹងចាប់ផ្តើមអនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញ ដែលទាមទារឱ្យយល់ពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីក្នុងការអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។ កន្លងមកក្រសួងព័ត៌មានបានអនុវត្តនូវអង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិមិនពេញលេញ ដែលរាល់ការចំណាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងការសម្រេចដោយអាណាប័ក ដើមខ្សែតាមរយៈអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ប៉ុន្តែចាប់ពីឆ្នាំ២០២៧ទៅ ក្រសួងនឹងចាប់ផ្តើម អនុវត្តជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ គឺអាណាប័កដើមខ្សែបានប្រគល់សិទ្ធិអំណាចពេញលេញក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូល-ចំណាយថវិការបស់អង្គភាពនីមួយៗ ដោយមិនតម្រូវឱ្យឆ្លងកាត់អង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង និងការពិនិត្យសម្រេច ពីអាណាប័កដើមខ្សែឡើយ។

លោកជំទាវ បានបញ្ជាក់ដែរថា ការប្រគល់សិទ្ធិជា អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញមកដល់បណ្តាអគ្គនាយកដ្ឋាន របស់ក្រសួងព័ត៌មាន គឺជាជំហានគន្លឹះមួយក្នុងការបង្កើនភាពម្ចាស់ការ ភាពបត់បែន និងពន្លឿនការអនុវត្តការងារឱ្យទាន់ពេលវេលា។ ទោះយ៉ាងណាក៏ដោយ សិទ្ធិអំណាចកាន់តែធំ ត្រូវធានាថា រាល់កញ្ចប់ថវិកាជាតិ ដែលបានទម្លាក់មកត្រូវតែប្រើប្រាស់ដោយការទទួល ខុសត្រូវនិងគណនេយ្យភាពកាន់តែខ្ពស់ ចំគោលដៅ មានតម្លាភាព សន្សំសំចៃ និងបង្កើតបានជាសមិទ្ធផលការងារជាក់ស្តែងជូនជាតិ និងប្រជាជនកម្ពុជា៕