មជ្ឈមណ្ឌល CAE ចុះហត្ថលេខាជាមួយ គ្រឹះស្ថានអប់រំប្រមាណ១០ ដាក់ចេញកម្មវិធីសិក្សា ICC និងការប្រឡងវាស់ស្ទង់សមត្ថភាពភាសាចិន ស្តង់ដារអន្តរជាតិ HSK

មជ្ឈមណ្ឌល CAE បានបើកទំព័រថ្មីមួយ ក្នុងការលើកកម្ពស់គុណភាពអប់រំភាសាចិននៅកម្ពុជា តាមរយៈការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថានអប់រំប្រមាណ១០ ដើម្បីរួមគ្នា រៀបចំកម្មវិធីសិក្សាភាសាចិនអន្តរជាតិ (ICC) និងប្រព័ន្ធប្រឡងវាស់ស្ទង់សមត្ថភាព ស្តង់ដារអន្តរជាតិ HSK ព្រមទាំងមានការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ HSK ជូនដល់សិស្សានុសិស្សដែរ។

លោកបណ្ឌិត សរ រិទ្ធី ប្រធានមជ្ឈមណ្ឌល CAE បានសង្កត់ធ្ងន់លើទស្សនវិជ្ជាអប់រំថា ភាសាគឺជា «ស្ពានចម្លងវប្បធម៌» និងជា «កូនសោបើកទ្វារទៅកាន់ពិភពលោក»។ ក្នុងយុគសម័យសកលភាវូបនីយកម្មនេះ ភាសាចិន បានក្លាយជាភាសាសកលដ៏មានឥទ្ធិពល ដោយមានមនុស្សប្រមាណជាង ១,៤ពាន់លាននាក់កំពុងប្រើប្រាស់។ ហេតុនេះ កិច្ចសហការកម្មវិធីសិក្សា ICC និងប្រព័ន្ធ HSK មិនត្រឹមតែផ្តោតលើការប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ស៊ីគ្នា រវាងវិធីសាស្ត្របង្រៀនទំនើប និងការធានាគុណភាពអប់រំកម្រិតខ្ពស់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្សរបស់សង្គមជាតិ។

ជាមតិចាប់អារម្មណ៍ សាស្ត្រាចារ្យ ចាង លីន នាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជំហានរីកចម្រើនថ្មីនេះ។ 

លោកសាស្រ្តាចារ្យ បានបង្ហើបឱ្យដឹងថា កាលពីខែមីនាកន្លងទៅនេះ ផ្អែកលើសិទ្ធិជាមណ្ឌលប្រឡង HSK របស់មជ្ឈមណ្ឌល CAE ដែលបានរៀបចំការប្រឡង HSK លើកដំបូងដោយជោគជ័យ ដោយទាក់ទាញបេក្ខជននៅភ្នំពេញជាង ៦០នាក់ មកចូលរួម។ លទ្ធផលនេះបានសបញ្ជាក់ថា «មណ្ឌលប្រឡងនៅមុខផ្ទះ» ដែលបង្កើតឡើងនៅភ្នំពេញនេះ ពិតជាបានឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់អ្នកសិក្សា។

លោកសាស្រ្តាចារ្យ បន្តថា វិញ្ញាបនបត្រ HSK ដែលប្រគល់ជូនសិស្សានុសិស្សនាពេលនេះ គឺជានិមិត្តរូបនៃញើសឈាម និងសមត្ថភាព ហើយរឹតតែជា «លិខិតឆ្លងដែនពណ៌មាស» សម្រាប់កុមារ និងយុវជនកម្ពុជាក្នុងការបន្តការសិក្សានៅប្រទេសចិន ព្រមទាំងទទួលបានឱកាសការងារ ដែលមានប្រាក់បៀវត្សរ៍ខ្ពស់។ 

សូមបញ្ជាក់ដែរថា ការដាក់បញ្ចូលប្រព័ន្ធប្រឡង HSK តាមរយៈកិច្ចសហការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា

-សម្រាប់សាលារៀនជាដៃគូ៖ ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះសាលាឱ្យក្លាយជាគ្រឹះស្ថានសិក្សាកម្រិតស្តង់ដារអន្តរជាតិ ផ្តល់ទំនុកចិត្តដល់មាតាបិតា និងទទួលបានការគាំទ្របច្ចេកទេស និងសម្ភារៈឧបទេសពីស្ថាប័នអន្តរជាតិធំៗ។

-សម្រាប់សិស្សានុសិស្ស៖ ជួយសាងភាពជឿជាក់ ដឹងពីសមត្ថភាពពិត និងបើកផ្លូវដ៏ធំទូលាយក្នុងការទទួលបានឱកាសអាហារូបករណ៍ធំៗទៅសិក្សានៅប្រទេសចិន ព្រមទាំងឱកាសការងារកម្រិតខ្ពស់ និងអនាគតដ៏ភ្លឺស្វាង។