មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចំកម្មវិធីផ្សព្វផ្សាយនៃកម្មវិធីពន្លឿនអាជីវកម្ម CJCC Accelerator Program (CJAP)

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចំកម្មវិធីផ្សព្វផ្សាយនៃកម្មវិធីពន្លឿនអាជីវកម្ម CJCC Accelerator Program (CJAP)ជំនាន់ទី៩ ក្រោមប្រធានបទ៖ (Beyond Pitching: Building Start-ups Ready for Growth and Japan Opportunities)។

កម្មវិធីមួយនេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់សហគ្រិនក្នុងដំណាក់កាលចាប់ផ្តើមដំបូង(Pre-seed, Seed-stage, and Early-stage entrepreneurs) ដែលមានបំណងពង្រឹងសមត្ថភាពអាជីវកម្ម ពង្រីកសក្តានុពលទីផ្សារ ក៏ដូចជាស្វែងរកឱកាសសហការ និងការរីកចម្រើនផ្សេងៗដែលមានការផ្សារភ្ជាប់ទៅនឹងប្រទេសជប៉ុន។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានមានប្រសាសន៍ថា ស្របពេលដែលប្រព័ន្ធអេកូឡូស៊ីអាជីវកម្មថ្មី (Startup Ecosystem)នៅក្នុងប្រទេសកម្ពុជាកំពុងបន្តរីកចម្រើនសហគ្រិនទាំងឡាយក៏កំពុងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងក្នុងការវាយលុកទីផ្សារប្រកបដោយចីរភាព ការកសាងប្រតិបត្តិការអាជីវកម្មដែលធន់ និងការបង្កើតតម្លៃជូនអតិថិជនក្នុងរយៈពេលវែងផងដែរ។ ហេតុនេះហើយ នៅក្នុងកម្មវិធីនេះមានគោលបំណងផ្តល់នូវចំណេះដឹងជាក់ស្តែង ការយល់ឃើញជាយុទ្ធសាស្ត្រ និងឱកាសបង្កើតបណ្តាញទំនាក់ទំនងដ៏មានតម្លៃ ដើម្បីជួយឱ្យអាជីវកម្មថ្មីៗទាំងនោះអាចឈានជើងឺលើសពីត្រឹមការបង្ហាញគំនិតអាជីវកម្ម ទៅជាការកសាងអាជីវកម្មដែលមានឥទ្ធិពល និងអាចពង្រីកខ្លួនបានយ៉ាងពិតប្រាកដ។

លោកបណ្ឌិត ឃឹម លាង បានបង្ហាញអំពី សមិទ្ធផល ដែលកើតចេញពីកម្មវិធីដូចខាងក្រោម៖

ចំណុចទី១៖ មានក្រុមហ៊ុនចំនួន ៦៣ ដែលបានក្លាយជាសមាជិករបស់ CJAP ដើម្បីជំរុញការរីកចម្រើនរបស់ពួកគេ។

ចំណុចទី២៖ ៨៦ ភាគរយ នៃក្រុមដែលបានចូលរួម គឺមានការកើនឡើងនូវប្រាក់ចំណេញប្រចាំឆ្នាំ។

ចំណុចទី៣៖ បានរួមចំណែកបង្កើតឱកាសការងារជូនដល់បុគ្គលិកជាង ៤០៣ នាក់។

ចំណុចទី៤៖ បានផ្តល់ឱកាសក្នុងការធ្វើបទបង្ហាញទាក់ទាញទុនវិនិយោគ (Pitching) ចំនួន ៧១ ដង។

ចំណុចទី៥៖ មានជាង ៣១ ករណី ដែលបានទទួលជោគជ័យក្នុងការស្វែងរក និងកៀរគរទុនវិនិយោគ។

ចំណុចទី៦៖ យើងបានរៀបចំព្រឹត្តិការណ៍ជំនួបពិភាក្សាអាជីវកម្ម (Business Matching) សរុបចំនួន ២០២ ដង និងចំណុចចុងក្រោយ៖ មានក្រុមហ៊ុនចំនួន ៦ ដែលបានទទួលយកអ្នកស្ម័គ្រចិត្ត ឬនិស្សិតចុះកម្មសិក្សាពីក្រុមហ៊ុនជប៉ុន។

សរុបមក ទាំងនេះគឺជាសមិទ្ធផល និងផលប៉ះពាល់ជាវិជ្ជមានដ៏ធំធេងដែលយើងសម្រេចបាន។

សូមជម្រាបជូនថា អ្នកចូលរួមទាំងអស់ក៏ទទួលបាននូវការណែនាំយ៉ាងលម្អិតអំពី កម្មវិធី CJCC Accelerator Program រួមមានការគាំទ្រពីគ្រូបណ្តុះបណ្តាល សកម្មភាពបណ្តុះបណ្តាល ឱកាសបង្កើតបណ្តាញទំនាក់ទំនង និងការណែនាំអំពីការដាក់ពាក្យចូលរួមក្នុងជំនាន់ទី៩ នេះផងដែរ៕