ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយ ឯកឧត្តម នូ ស៊ីថា។

ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ គណៈកម្មាធិការកណ្តាល អ.ន.ក., ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ, អតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ២០០នាក់៕