ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពុទ្ធខេត្តារាម (ហៅវត្តស្រម៉) ស្ថិតនៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
(ស្រុកតំបែរ) នៅថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពុទ្ធខេត្តារាម (ហៅវត្តស្រម៉) ដែលស្ថិតភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបូជាផ្កាភ្ញី និងអុជធូបទៀន បូជាដល់ព្រះរតនត្រ័យ និងព្រះពុទ្ធបដិមាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងប្រគេនទេយ្យទាន និងបវារណាបច្ច័យ៤ប្រគេនដល់ព្រះសង្ឃផងដែល។ កិច្ចប្រារព្ធពិធីបូជានេះ មិនត្រឹមតែជាការសម្តែងនូវគារវកិច្ច និងសេចក្តី ជ្រះថ្លាដ៏ជ្រាលជ្រៅចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតំណាងឱ្យពន្លឺនៃបញ្ញា ការរំលត់នូវសេចក្តី សៅហ្មងទាំងពួង និងការផ្សព្វផ្សាយនូវក្តីមេត្តាធម៌ សេចក្តីសុខ សន្តិភាពដល់សត្វលោក។ ក្លិនក្រអូបនៃធូប និងភាពស្រស់បំព្រង នៃផ្កា ជានិមិត្តរូបនៃសេចក្តីល្អ និងកុសលធម៌ដែលពុទ្ធបរិស័ទ បានសន្សំ សម្រាប់ជាទីពឹងទីរលឹកតរៀងទៅ។
ថ្លែងទៅកាន់ពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះ គឺធ្វើឡើងក្នុង គោលបំណងប្រមូលបច្ច័យយកមកជួសជុលវត្តឡើងវិញ ដើម្បីប្រែក្លាយទីអារាមនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលសាសនាដ៏ឧត្តុង្គឧត្តម សម្រាប់ពុទ្ធបរិស័ទ ប្រារព្ធពិធីកុសលផ្សេងៗ ក៏ដូចជាកន្លែងសម្រាប់ព្រះសង្ឃធ្វើ សង្ឃកម្មស្របតាមពុទ្ធប្បញ្ញត្តិ ជាពិសេសជាទីរមណីយដ្ឋានផ្លូវចិត្ត សម្រាប់អប់រំសីលធម៌ ចរិយាធម៌ដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យដើរតាមគន្លងធម៌។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបន្តថា វិស័យព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល និងបានរក្សានូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ។ការជួបជុំក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺប្រារព្ធធ្វើឡើង ក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៊ុនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ត មរតកនយោបាយដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា រួមជាគណៈសង្ឃនាយក ស្តីពីការដាំបន្លែ បង្ការ និងដើមឈើហូបផ្លែ លើផ្ទៃដីវត្តដែលទំនេរ ហើយចូលរួមបង្កើនបរិស្ថានស្អាត ស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាដែលបានដាក់ឱ្យអនុវត្តសម្រាប់វត្តអារាមនៅទូទាំងប្រទេស។ ជាមួយនេះ សូមមន្ទីរធម្មការ និងសាសនា មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធជួយជំរុញ និងគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាម និងទីសក្ការៈបូជាផ្សេងៗទាំងអស់ នៅទូទាំងខេត្ត ដើម្បីជាការថែរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនារបស់យើងសម្រាប់អ្នកជំនាន់ក្រោយ បណ្តុះទស្សនៈមនសិការជាតិ និងឧត្តមគតិវិជ្ជមានក្នុងការអភិរក្ស ការអភិវឌ្ឍ និងនវានុវត្ត សិល្បៈវប្បធម៌ជាតិ អប់រំអំពីសីលធម៌, គុណធម៌, និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជន, ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ ៕




