ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។
ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប ១.៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល និងផ្តល់ផលវិជ្ជមានយ៉ាងប្រសើរដល់វិស័យកសិកម្ម។
បន្ទាប់មក ឯកឧត្តមបណ្ឌិតអគ្គនាយក បានបន្តដំណើរចុះត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្មនៃ រោងម៉ាស៊ីនកិនស្រូវ ប៊ី អ អឹម (BRM) ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្មប្រកបដោយគុណភាពខ្ពស់ ដើម្បីពង្រីកលទ្ធភាពនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនឡើង៕




