កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

ក្រសួងបរិស្ថាន បានរៀបចំប្រារព្ធ “ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក” ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ” កាលពីរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូត តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការគ្រប់គ្រងសំណល់ឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេស ការកែច្នៃ និងប្រើប្រាស់ឡើងវិញ សំដៅទទួលបាន «សំណល់សូន្យ (Zero Waste)» គឺជាកិច្ចការចាំបាច់។ ឯកឧត្តមបានថ្លែងបន្ថែមថា សំណល់សូន្យ គឺការធ្វើយ៉ាងណាឱ្យមានបរិមាណសំណល់តិចបំផុត ដោយត្រូវអនុវត្តនូវគោលគំនិតសេដ្ឋកិច្ចចក្រា និងលើកទឹកចិត្តដល់ប្រជាជនអនុវត្តគោលការណ៍ ៤ក ឬ 4R (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបានជាអប្បបរមា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្នើសុំការចូលរួមសាមគ្គីគ្នា បន្តគាំទ្រ ចូលរួមអនុវត្តរួមគ្នាអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពីគ្រប់ក្រសួង ស្ថាប័នរដ្ឋ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន ប្រជាពលរដ្ឋ ជាពិសេសគឺស្រទាប់យុវជន សិស្សានុសិស្ស ដើម្បីឈានទៅ សម្រេចបាននូវសមិទ្ធផល កម្ពុជាមានភាពស្អាត ភាពបៃតង និងធានាបាននូវសុខុមាលភាព សម្រាប់ប្រជាជនគ្រប់ជំនាន់។

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ ថ្ងៃទី៥ ខែមិថុនា។ នៅកម្ពុជាទិវានេះ បានចាប់ផ្តើមអនុវត្តតាំងពី ឆ្នាំ១៩៩៦ ដើម្បី លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបរិស្ថាន ចលនាឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួម សម្អាតអនាម័យតាមគេហដ្ឋាន តាមផ្លូវជាតិ និងតាមទីសាធារណៈ និងដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសកម្មភាពលើកកម្ពស់កិច្ចគាំពារបរិស្ថាន កិច្ចការពារនិងអភិរក្សធនធានធម្មជាតិ៕