សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជាថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម និងសហការី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា-សិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសិង្ហបុរី នៅកម្ពុជានាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ប៉ាង ឈី វី និងបានអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតនេះ ឯកឧត្តមនឹងបន្តជំរុញកាន់តែខ្លាំងក្លាថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ទូលំទូលាយ ហើយឈានដល់កម្រិតខ្ពស់ថ្មីមួយទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

កម្ពុជា និងសិង្ហបុរី គឺជារដ្ឋតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគោរពច្បាប់អន្តរជាតិ ការពារសន្តិភាព ការពារបូរណភាពទឹកដី ឯករាជ្យភាព និងលើកកម្ពស់គោលការណ៍ពហុនិយម។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ ដែលពិភពលោកប្រឈមបញ្ហាស្មុគស្មាញ ហ៊ុមព័ទ្ធដោយសង្គ្រាម រួមផ្សំនឹងការប្រែប្រួលធម្មជាតិផង ក្នុងឋានៈជារដ្ឋតូច ត្រូវបន្តគាំទ្របរិយាកាសអន្តរជាតិដែលផ្អែកលើច្បាប់ សំដៅរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។

ឯកឧត្តម ប៉ាង ឈី វី បានថ្លែងអំណរគុណជូន សម្តេចប្រធានរដ្ឋសភាដែលបានទទួលស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្តៅបំផុត និងបានឯកភាពតាមប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ដោយថ្នាក់ដឹកនាំទាំងពីរប្រទេសគ្រប់ជំនាន់ ជាពិសេសនៅក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានជួបគ្នាជាញឹកញាប់នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ឯកឧត្តមបានជម្រាបសម្តេចពីការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តមនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ នៅក្នុងនោះ ស្ថានទូតសិង្ហបុរីបានបង្កើតមជ្ឈមណ្ឌលមួយដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា។ មជ្ឈមណ្ឌលដែលអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាងនោះ ក៏មានការបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរីផងដែរ។ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដូចជាវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ កសិកម្ម ជាដើម។ ឯកឧត្តមបញ្ជាក់ថា ពលរដ្ឋសិង្ហបុរីមានការពេញចិត្តអង្ករកម្ពុជាជាខ្លាំង។

សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្ត និងគាំទ្រពេញទំហឹងចំពោះគម្រោងការងាររបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្នើបន្ថែមដល់ឯកឧត្តម ជួយជំរុញការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។ សម្តេចបានគូសបញ្ជាក់ថា សិង្ហបុរីមានការរីកចម្រើនឧស្សាហកម្មធំៗ ដូច្នេះដើម្បីគាំទ្រដល់ដំណើរការនោះ សិង្ហបុរីក៏គួរចែករំលែកផ្នែកតូចៗ ដែលផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មធំៗនៅកម្ពុជា។

ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរឹងមាំបន្ថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋទាំងពីរ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី បានពិភាក្សាគ្នាដោយចំហ និងស្មោះត្រង់។
សម្តេចប្រធានរដ្ឋសភាបានស្នើដល់សិង្ហបុរីគាំទ្រខាងបច្ចេកវិទ្យា (AI) ដល់រដ្ឋសភាកម្ពុជាផងដែរ។ រដ្ឋសភានីតិកាលទី៧ កំពុងធ្វើកំណែទម្រង់ និងអភិវឌ្ឍស្ថាប័នជាសភាឌីជីថល ដែលទាមទារការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា (AI) ដើម្បីប្រសិទ្ធភាពការងារ និងគ្រប់គ្រងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពឡើង៕