លោកប្រធានាធិបតី Vladimir Putin និយាយថារុស្ស៊ីនឹងពង្រឹងកិច្ចការពារដែនអាកាសរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះ Drone របស់អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បាននិយាយថា រុស្ស៊ីនឹងពង្រឹងកិច្ចការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននាពេលថ្មីៗនេះ ដែលបានឈានដល់កម្រិតដ៏ជ្រាលជ្រៅមួយនៅក្នុងប្រទេស។ ឆ្លើយតបទៅនឹងសំណួរមួយពីអ្នកសារព័ត៌មាន អំឡុងពេលជួបជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ លោក Vladimir Putin បានទទួលស្គាល់នូវការខូចខាតពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ លោកពូទីន បាននិយាយអំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើស្រុកកំណើតរបស់លោកគឺទីក្រុង St. Petersburg ថា “យើងសោកស្តាយណាស់ ដែលយន្តហោះមួយចំនួនរបស់សត្រូវបានទម្លុះផ្ទៃការពាររបស់យើង។ “រុស្ស៊ីមានប្រព័ន្ធការពារដែនអាកាសរឹងមាំ យើងត្រូវកែលម្អវា ពង្រឹងវាឡើងវិញ ហើយយើងនឹងធ្វើវាឲ្យកាន់តែខ្លាំងជាងមុន” ។ កម្មវិធីបើកចំហរជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយនេះ បានកើតឡើងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg ដែលជាកម្មវិធីតាំងពិព័រណ៍ប្រចាំឆ្នាំរបស់លោក Putin សម្រាប់ការវិនិយោគ។ ប៉ុន្មានម៉ោងមុនពេលដំណើរការបើកវេទិកា ក៏មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែរ បានដុតបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយនៅក្នុងទីក្រុង និងក៏បានវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកនៅក្បែរនោះផងដែរ។ លោក Putin ក៏បាននិយាយផងដែរថា រុស្ស៊ីបើកចំហសម្រាប់ការសម្របសម្រួលលើអ៊ុយក្រែន ស្របតាមការយោគយល់គ្នាដែលបានឈានដល់កម្រិតមួយ អំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុង Anchorage រដ្ឋអាឡាស្កា ដោយបន្ថែមថា អ៊ុយក្រែនត្រូវទទួលយកពួកគេដើម្បីធ្វើកិច្ចព្រមព្រៀង។ លោក​បាន​មានប្រសាសន៍​ថា «រុស្ស៊ី​យល់ព្រម​នឹង​ការសម្របសម្រួល​ដែល​យើងចង់​បានពី​កិច្ចពិភាក្សា​នៅ​ទីក្រុង Anchorage។ វា​ចាំបាច់​សម្រាប់​ភាគី​អ៊ុយក្រែន​ក្នុង​ការយល់ព្រម​ជាមួយនឹង​ការសម្របសម្រួល​ទាំងនេះ​ផងដែរ។ ហើយ​ជម្លោះ​នឹង​ឈានដល់​ទីបញ្ចប់​ដោយ​ធម្មជាតិ​របស់​វា​យ៉ាង​ឆាប់រហ័សដូចគ្នា»៕

សម្រួលអត្ថបទ៖ សុផារិន្ទ