ឯកឧត្តម ឈួរ សុបញ្ញា : ការបន្តបេសកកម្មជាប្រពៃណីដ៏ល្អប្រសើររបស់សង្គមខ្មែរ ក្នុងការយកចិត្តទុកដាក់ និងគោរពដល់ព្រះសង្ឃជាព្រះមហាថេរក្នុងព្រះពុទ្ធសាសនាដែលមានវ័យទុពលភាព
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនារួមជាមួយព្រះវរញ្ញាណាចារ្យ អ៊ុំ ផេង អនុគណស្រុកសាមគ្គីមុនីជ័យ អញ្ជើញទៅថ្វាយបង្គំសួរសុខទុក្ខ និងប្រគេនទេយ្យទាន ព្រមទាំងបវរណាបច្ច័យចំនួន៤ ប្រគេនព្រះមហាថេរ ព្រះគ្រូអកោធចិត្តោ ភួង ភិន ព្រះចៅអធិការវត្តអង្គជ្រៃក្រាំងខ្នុរ ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងមានវ័យចាស់ជរា។ ការចុះសួរសុខទុក្ខនេះជាសេចក្ដីគោរព សទ្ធា និងមេត្តាករុណា ដែលបន្តតាមគន្លងប្រពៃណីដ៏ល្អប្រសើររបស់សង្គមខ្មែរ ក្នុងការយកចិត្តទុកដាក់ និងគោរពដល់ព្រះសង្ឃជាព្រះមហាថេរនៃព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ព្រះគ្រូអកោធចិត្តោ ភួង ភិន ដែលជាមហាថេរមួយព្រះអង្គព្រះជន្មជាន ៨០វស្សា ដែលបានឧទ្ទិសព្រះកាយអស់ពីកម្លាំងកាយពលក្នុងការបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិអស់រយៈពេលយូរឆ្នាំ។ព្រះអង្គជាព្រះសង្ឃដែលបានដិបត្តិធម៌វិន័យដោយមធ្យ័តប្រកបដោយសីលធម៌ខ្ពស់ មានមេត្តាករុណា និងមានខន្តីយ៉ាងជ្រាលជ្រៅ និងតែងតែដឹកនាំវត្តឱ្យក្លាយជាអារាមសាសនាដ៏រឹងមាំ និងជាកន្លែងបណ្តុះបណ្តាលសីលធម៌សម្រាប់ពុទ្ធបរិស័ទ។ ព្រះអង្គបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវត្តអង្គជ្រៃក្រាំងខ្នុរ ទាំងផ្នែកសាសនា និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបណ្តុះបណ្តាលសមណសិស្សឱ្យមានចំណេះដឹងព្រះធម៌ និងអប់រំពុទ្ធបរិស័ទឱ្យរស់នៅតាមគន្លងសីលធម៌ សុចរិតភាព និងសាមគ្គីភាពក្នុងសហគមន៍។ ព្រះអង្គជាគំរូដ៏ល្អនៃព្រះសង្ឃ និងបតិស័ទ ដែលបានលះបង់ជីវិតដើម្បីអប់រំតាមផ្លូវធម៌ និងជួយដល់សង្គមដោយស្មារតីមេត្តាករុណា។ ការប្រគេនទេយ្យទាន និងបវរណាបច្ច័យក្នុងឱកាសនេះ មិនត្រឹមជាការចែករំលែកសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតបុណ្យកុសល និងបង្ហាញពីគុណតម្លៃ “កតញ្ញូកតវេទី” ក្នុងសង្គមខ្មែរ ដែលគោរព និងដឹងគុណចំពោះអ្នកមានគុណ។
ប្រតិភូសូមបួងសួងឱ្យព្រះគ្រូអកោធចិត្តោ ភួង ភិន មានព្រះសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជាពន្លឺដឹកនាំផ្លូវព្រះធម៌ និងជាគំរូដ៏ថ្លៃថ្លាសម្រាប់ពុទ្ធបរិស័ទ និងសង្គមខ្មែរ។



