ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងប្រជែងមន្ត្រីរាជការ ៣ ក្រសួង-ស្ថាប័ន ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»
នាល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង និងស្ថាប័នចំនួន៣ បានឈានដល់ទីបញ្ចប់ហើយ។ នេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់មួយ មុនពេលឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ ខណៈដែល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។
ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីសំណាក់សមាជិក-សមាជិកានៃគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងសាមីទាំង៣ អង្គភាពពាក់ព័ន្ធ អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) តំណាងសាកលវិទ្យាល័យនានា សាធារណ:ជនដែលបានចុះឈ្មោះចូលសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាពពេញលេញ។
លទ្ធផលដែលត្រូវបានចុះហត្ថលេខានៅក្នុងដំណាក់កាលដ៏សំខាន់នេះ រួមមានការជ្រើសរើសបេក្ខជនជាប់ជាស្ថាពរសម្រាប់ក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងការជ្រើសរើសបេក្ខជនប្រឡងជាប់ដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) សម្រាប់ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ចំពោះលទ្ធផលលម្អិតតាមក្រសួង-ស្ថាប័ននីមួយៗមានដូចខាងក្រោម៖
ក្រសួងយុត្តិធម៌គឺផ្អែកលើតម្រូវការសរុប ៤៥ នាក់ គណៈកម្មការបានជ្រើសរើសបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរចំនួន ២៦ នាក់ ក្នុងនោះមានស្ត្រីចំនួន ៥ នាក់។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺសម្រាប់ឧបសម្ព័ន្ធទី១ លើតម្រូវការសរុប ១០ នាក់ សម្រាប់ ៦ មុខជំនាញ គឺជ្រើសរើសបានបេក្ខជនជាប់ស្ថាពរគ្រប់ចំនួនទាំង ១០ នាក់ (ស្រី្ត ៤ នាក់)។ ដោយឡែក សម្រាប់ឧបសម្ព័ន្ធទី២ លើតម្រូវការសរុប ៣០ នាក់ សម្រាប់ ១៧ ជំនាញ គឺមានបេក្ខជនចំនួន ៤៦ នាក់ (ស្រី្ត ១៥ នាក់) ដែលទទួលបានសិទ្ធិបន្តទៅប្រឡងវគ្គសម្ភាសន៍។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមកគឺលើតម្រូវការរួមសរុប ៥២ នាក់ ត្រូវបានបែងចែកជា ៣ ផ្នែក។ ក្នុងនោះ ឧបសម្ព័ន្ធទី១ (មុខតំណែងគាំទ្រ) លើតម្រូវការ ៥ នាក់ សម្រាប់ ៥ មុខជំនាញ ជ្រើសរើសបានបេក្ខជនជាប់ស្ថាពរ ៥ នាក់ (ស្រ្តី ១ នាក់) និងបម្រុង ១៣ នាក់។ សម្រាប់ឧបសម្ព័ន្ធទី២ (មុខតំណែងវិជ្ជាជីវៈវិស័យការបរទេស) លើតម្រូវការ ៣៨ នាក់ សម្រាប់ ៦ ជំនាញឯកទេស មានបេក្ខជនមានសិទ្ធិបន្តប្រឡងវគ្គសម្ភាសន៍ចំនួន ៥៤ នាក់។ និងឧបសម្ព័ន្ធទី៣ (មុខតំណែងវិជ្ជាជីវៈវិស័យការបរទេស) លើតម្រូវការ ៩ នាក់ សម្រាប់ ៦ ជំនាញឯកទេស មានបេក្ខជនមានសិទ្ធិបន្តទៅវគ្គសម្ភាសន៍ចំនួន ១៥ នាក់។
ការឈានដល់ការចុះហត្ថលេខាលើលទ្ធផលនេះ គឺជាការបិទបញ្ចប់ដោយជោគជ័យនូវនីតិវិធីនៃការកែ និងស្រង់ពិន្ទុដ៏តឹងរ៉ឹងបំផុត ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
បច្ចុប្បន្ន ក្រុមការងារនៃគណៈកម្មការរៀបចំការប្រឡង កំពុងបន្តនីតិវិធីចុងក្រោយយ៉ាងសកម្ម និងឆាប់រហ័សបំផុត ដើម្បីប្រកាសលទ្ធផលជាផ្លូវការជូនដល់បេក្ខជនទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ៕



